(កណ្ដាល)៖ លោក កឹម បូរី ប្រធានក្រុមការងារចុះជួយសង្កាត់សិត្បូ និងលោក ម៉ឹង យូឡេង អនុប្រធានទី២ ក្រុមការងារចុះជួយសង្កាត់សិត្បូ ព្រមទាំងក្រុមការងារនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ បានមូលមតិគ្នាបាននាំយកគ្រឿងបរិក្ខា ទេយ្យទាន បច្ច័យ និងទៀនព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងរយៈកាល១ត្រីមាស នៅក្នុងវត្តវត្តសិត្បូ និងវត្តជម្ពូព្រឹក្ស នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក កឹម បូរី បានថ្លែងថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្តឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។
លោក មឹង យូឡេង បានឱ្យដឹងដែរថា ជារៀងរាល់ឆ្នាំមិនថាពុទ្ធបរិស័ទឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្តតែងតែបាននាំយកទៀនព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងកណ្តាលនេះ ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនាដែលជា សាសនារបស់រដ្ឋ។
លោកបានបញ្ជាក់ទៀតថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះមានរយៈពេល៣ខែ ដោយចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើត ខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាតនៅខាងក្រៅឆ្ងាយៗ វត្ត បានឡើយ ដោយគង់នៅចាំព្រះវស្សាក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដង។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំប្រជាពលរដ្ឋពុទ្ធបរិស័ទក៏ដូចជាថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់តែងតែនាំគ្នាយកទៀនព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃមុនថ្ងៃចូលព្រះវស្សា។
សូមបញ្ជាក់ថា សម្ភារបរិក្ខាដែលបានប្រគេនព្រះសង្ឃវត្តសិត្បូ រួមមាន បច្ច័យសម្រាប់ចង្ហាន់ព្រះសង្ឃចាំព្រះវស្សា ៤លានរៀល, ចតុបច្ច័យសម្រាប់ព្រះសង្ឃ ១២៥អង្គ ៣លានរៀល, ថវិកាជូនតាជី យាយជី ៣០នាក់ ៣០ម៉ឺនរៀល, ទៀនធំ២គូ, អង្ករ ១៦បាវ, កាហ្វេ ១០កញ្ចប់, ឆៃប៉ូវប្រៃ ៣៥គីឡូ, ឆៃប៉ូវផ្អែម ៣៥គីឡូ,ទឹកបរិសុទ្ធ២០កេស, ទឹកក្រូចចំរុះ ១០កេស, ទឹកត្រី ១១យួរ, ទឹកស៊ីអ៊ីវ ១១យួរ, ក្រីខ ១កេស, មីម៉ាម៉ា ៧កេស, ទឹកដោះគោ ១កេស, ស្ករស ១បាវ, តែ ៧កញ្ចប់,ធូប ១០ដុំ,ទានតូចៗ ១០គីឡូ។
វត្តជម្ពូព្រឹក្ស បច្ច័យសម្រាប់ចង្ហាន់ព្រះសង្ឃចាំព្រះវស្សា ៤លានរៀល, ចតុបច្ច័យសម្រាប់ព្រះសង្ឃ ២៥អង្គ ៥០ម៉ឺនរៀល, ថវិកាជូនតាជី យាយជី ២០នាក់២០ម៉ឺនរៀល, ទៀនធំ ២គូ, អង្ករ ៦បាវ, កាហ្វេ ៥កញ្ចប់, ឆៃប៉ូវប្រៃ ១៥គីឡូ, ឆៃប៉ូវផ្អែម ១៥គីឡូ, ទឹកបរិសុទ្ធ ១០កេស, ទឹកក្រូចចំរុះ ៥កេស, ទឹកត្រី ៦យួរ, ទឹកស៊ីអ៊ីវ ៦យួរ, ក្រីខ០,៥កេស, មីម៉ាម៉ា ៣កេស, ទឹកដោះគោ ០,៥កេស, ស្ករស ១បាវ, តែ ៣កញ្ចប់, ធូប ៥ដុំ.ទានតូចៗ៥ គីឡូ៕