(ភ្នំពេញ)៖ អង្គការអន្តរជាតិខាងការងារ (ILO) បានព្យាករថា អត្រាប្រជាពលរដ្ឋអត់ការងារធ្វើនៅកម្ពុជា ក្នុងឆ្នាំ២០១៦-២០១៧ មានប្រមាណ ០.៦ភាគរយ នៃកម្លាំងពលកម្ម តែអត្រាអ្នកប្រឈមនិងបញ្ហាការងារនៅតែខ្ពស់ មានជាង ៦០ភាគរយ។

មន្រ្តីនាយកដ្ឋានទំនាក់ទំនង របស់អង្គការអន្តរជាតិខាងការងារ ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ ប្រទេស្វីស លោក Ekkeha rd Ernst បានថ្លែងប្រាប់ Fresh News តាមសារអេឡិចត្រូនិចនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះថា បណ្តាប្រទេសដូចជាប្រទេសកម្ពុជា កម្លាំងពលកម្មមិនសូវប្រឈមនៅពេលមានបញ្ហាសេដ្ឋកិច្ចនោះទេ។

លោក Ekkehard Ernst បានបញ្ជាក់បន្ថែមថា បើទោះបីកម្ពុជា មិនសូវប្រឈមខ្លាំងនិងការអត់ការងារធ្វើ តែការប្រឈមបញ្ហាការ ងារនៅតែមានអត្រាខ្ពស់។ ក្នុងនោះឆ្នាំ២០១៦ មានអត្រា ៦២.៣ភាគាគរយ និងឆ្នាំ២០១៧ មានអត្រា ៦២.១ភាគរយ។ លោក Ekkehard Ernst បានឲ្យដឹងផងដែរថា បញ្ហាប្រឈមទាំងនេះ បណ្តាលមកពីទម្រង់ និងបែបបទការងារមិនទៀងទាត់។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមករា នេះ អង្គការ ILO ក៏បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ថា នៅលើពិភពលោកនាឆ្នាំ២០១៦ និង២០១៧ មានមនុស្សរង្វង់ ២០០លាននាក់ នឹងអត់ការងារធ្វើ៕