(ស្ទឹងត្រែង)៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តស្ទឹងត្រែង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះបង្រ្កាបទីតាំងវេចខ្ចប់អំបិលក្លែងបន្លំ (អំបិលអ៊ីយ៉ូត) មួយកន្លែងនៅភូមិរាជានុកូល ក្រុងស្ទឹងត្រែង និងបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការវេចខ្ចប់ ដោយគ្មានច្បាប់អនុញ្ញាត និងមានភាពកេងប្រវ័ញ្ច។
លោក គឹម ប្រុស ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ទីតាំងវេចខ្ចប់អំបិលក្លែងក្លាយខាងលើមានម្ចាស់ឈ្មោះ ម៉ៅ នាថ ភេទប្រុស រស់នៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង បានយកស្លាកសញ្ញារូប Logo (ផែនដីនិងព្រាប) ដែលមានឈ្មោះថា លីលីដា អំបិលអ៊ីយ៉ូដ មានយីហោភ្នំពេញផង សៀមរាបផង ស្ទឹងត្រែងផង ច្រកអំបិលក្លែងបន្លំថា មានជាតិអំបិលអ៊ីយ៉ូដ។
លោកបន្តថា ការធ្វើបែបនេះ គឺផ្ទុយទៅនឹងច្បាប់កម្មសិទ្ធិបញ្ញា ហើយចំណីអាហារទៀតសោតគ្មានគុណភាព (អំបិលគ្រាប់គ្មានជាតិអ៊ីយ៉ូដ) មន្ត្រីជំនាញក៏បានឱ្យម្ចាស់ វេចខ្ចប់នេះធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់ ករណីបើមានលើកក្រោយៗទៀត ត្រូវផាកពិន័យតាមច្បាប់សុវត្ថិភាពចំណីអាហារ។
លោក ម៉ៅ នាថ បានទទួលស្គាល់ថា គាត់បានវេចខ្ចប់បែបនេះមែន ព្រោះអំបិលគ្រាប់នេះមានតែជាង២០០គីឡូក្រាមតែប៉ុណ្ណោះ ចំណែកអំបិលម៉ត់មានច្រើនតោន មានជាតិអ៊ីយ៉ូតត្រឹមត្រូវ។ ចំពោះអំបិលដែលទិញយកមកនេះ ពួកគាត់ក៏មិនបានដឹងឬចេះមើលថាមាន «ជាតិអ៊ីយ៉ូដ ឬមិនមាននោះទេ» ដោយជឿតែអ្នកផលិត នាំយកមកលក់ដែរ។
លោកសន្យាថា តាមការធ្វើពិសោធន៍ជាក់ស្តែងនេះ លោកនឹងធ្វើការកែប្រែតាមការណែនាំ របស់មន្ត្រីជំនាញ ចូលរួមទាំងអស់គ្នា ក្នុងការលើកកម្ពស់គុណភាពចំណីអាហារ ដើម្បីសុខភាពអ្នកប្រើប្រាស់។
សូមបញ្ជាក់ថា មន្ត្រីសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត បានព្រមានដែរថា បើម្ចាស់មិនកែប្រែលើកក្រោយ ពិនិត្យឃើញមានភាពមិនប្រក្រតី និងផាកពិន័យតាមច្បាប់៕