(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោកស្រី ទៀង សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍បាត់ដំបង និងលោកស្រី ជា ច័ន្ទ រស្មី ប្រធានលេខាធិការដ្ឋាន រដ្ឋបាលសាលាដំបូងខេត្ត តំណាងលោក ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំមោង ស្រុកមោងឬស្សី បាននាំយកទៀនវស្សា និងគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃ គង់នៅវត្តចំនួន៥។
វត្តទាំង៥រួមមាន៖ វត្តវេឡុវនារាម (វត្តឬស្សី) មានព្រះសង្ឃ១០អង្គ២, វត្តខណ្តីអេង ឈាសុធារាម (វត្តខណ្តី) មានព្រះសង្ឃ២១អង្គ៣វត្ត សោឡស្សមង្គល (វត្តរលួស) មានព្រះសង្ឃ៧អង្គ៤, វត្ត សុវណ្ណារាម (វត្តអូក្របៅ) មានព្រះសង្ឃ២អង្គ៥, វត្តសសុវណ្ណរុក្ខារាម (វត្តក្បាលមូស) មានព្រះសង្ឃ៣អង្គសុរបលោក៤៣អង្គ នៅឃុំមោងស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំមោង និងពុទ្ធបរិស័ទជាច្រើនរូបទៀត។
មុនពេលនាំទៅប្រគេនព្រះសង្ឃ លោកស្រី ទៀង សំបូរ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិរលួស និងភូមិអូរក្របៅ នៅសាលាឃុំមោង ដែលមានជីវភាពខ្វះខាត និងបានមកចុះឈ្មោះទទួលប័ណ្ណក្រីក្រ ដើម្បីទទួលប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។
ក្រោយមកលោកស្រី ទៀង សំបូរ មកនាំទៀនព្រះវស្សា និងទេយ្យទានទៅប្រគេនព្រះសង្ឃទាំង៥វត្ត និងសំណេះសំណាលជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ្ធថា ដើម្បីគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ក្នុងពិធីបុណ្យចូលព្រះវស្សានេះមានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ហើយបញ្ចប់វិញ នៅថ្ងៃទី១៥រោច ខែកក្តិក។ ក្នុងអំឡុងបុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាមរហូត ដូច្នេះទើបប្រជាពលរដ្ឋពុទ្ធបរិស័ទនាំគ្នាយកទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដើម្បីគង់ចាំព្រះវស្សាអស់ត្រីមាសតកូន តចៅរហូតមកដល់បច្ចុប្បន្ន។
លោកស្រី ទៀង សំបូរ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកទេសរដ្ឋមន្រ្តី អង្គ វង្សវឌ្ឍនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកមោងឬស្សី លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាអនុប្រធានក្រុមកាងារចុះជួយមូលដ្ឋានស្រុកមោងឬស្សី និងលោក ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំមោងស្រុកមោងឬស្សី ដែលតែងតែបានចុះជួយកសាងនិងអភិវឌ្ឍន៍មូលដ្ឋានជូនប្រជាពលរដ្ឋ ជាប្រចាំរហូតមក។
ឆ្លៀតក្នុងឱកាសនោះលោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា សូមបងប្អូនត្រូវបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវិត-១៩ ដោយរក្សាអនាម័យស្អាត គឺលាងដៃជាមួយនិងសាប៊ូ អាល់កុលជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាលផងដែរ។
ទេយ្យទានដែលត្រូវប្រគេនទាំង៥វត្ត ដោយវត្តនីមួយនីមួយៗ ទទួលបានបច្ច័យ៥០ម៉ឺនរៀល និងទេយ្យទានក្នុង១វត្តៗទទួលបានមាន: អង្ករ៥០គីឡូក្រាម ទឹកសុទ្ធវីតាល់១កេស ទឹកផ្លែឈើ១កេស ប្រេងឆា២ដប ត្រីខកំប៉ុង១យួ មី១កេស ស្ករស៥គីឡូក្រាម តែ១កញ្ចប់ សាដក់១ក្នុងអង្គ ដោយប្រគេនបច្ច័យដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តទាំងប្រាំមានព្រះសង្ឃចំនួន៤៣អង្គ ក្នុងមួយអង្គ១០,០០០រៀល ព្រមទាំងជូនថវិការដល់លោកយាយលោកតាចាស់ជរាចំនួននួន៦០នាក់ ក្នុងមួយនាក់៥,០០០រៀល៕