(ភ្នំពេញ)៖ បន្ទាប់ពីត្រូវឃុំខ្លួនក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ) អស់ជាច្រើនខែរួចមក នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាប់ផ្តើមបើកសវនាការ សួរដេញដោលលើរឿងក្ដី ឧកញ៉ា សុខ ប៊ុន និងបក្ខពួកសរុប៦នាក់ ពាក់ព័ន្ធករណីក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដែលបានប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។
បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំតុលាការ បានបញ្ជាក់ថា សវនាការនៅព្រឹកនេះ ដឹកនាំដោយលោក សេង ប្ញទ្ធី ចៅក្រមជំនុំជម្រះ និងមានលោក គុជ គឹមឡុង ជាតំណាងអុ្យការ។ ក្រោយសវនារបានបញ្ចប់ពេញមួយព្រឹក លោកចៅក្រមជំនុំជម្រះ នឹងបន្តសំណុំរឿងលោកឧកញ៉ា សុខ ប៊ុន និងបក្ខពួកនៅរសៀលថ្ងៃនេះទៀត។
សូមជម្រាបថា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការសម្រេចឃុំខ្លួនលោកឧកញ៉ា សុខ ប៊ុន និងមន្ដ្រីអាជ្ញាធរសង្កាត់កោះរ៉ុង ចំនួន ៥នាក់ផ្សេងទៀត ពាក់ព័ន្ធការរំលោភដីខុសច្បាប់ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មុនបញ្ចូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរចាត់វិធានការតាមផ្លូវច្បាប់។
ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានសម្រេចចោទប្រកាន់លោកឧកញ៉ា សុខ ប៊ុន និងមន្ដ្រីអាជ្ញាធរសង្កាត់កោះរ៉ុង ចំនួន ៥នាក់ផ្សេងទៀត ពាក់ព័ន្ធការរំលោភដីខុសច្បាប់ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មុនបញ្ចូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរចាត់វិធានការតាមផ្លូវច្បាប់។
ជនសង្ស័យទាំង៦នាក់ ត្រូវបានចោទប្រកាន់នោះរួមមានទី១៖ ឈ្មោះ អ៊ុង និត ប្រធានក្រុមប្រឹក្សា ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ, ទី២៖ ឈ្មោះ សេង ហួលាង ចៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ, ទី៣៖ ឈ្មោះ ហែម សាឡេះ សមាជិកក្រុមប្រឹក្សាសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ, ទី៤៖ ឈ្មោះ កែ សោម ចៅសង្កាត់រងទី២ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ, ទី៥៖ ឈ្មោះ កែវ ពៅ មេភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងទី៦៖ ឈ្មោះ សុខ ប៊ុន អគ្គនាយក សុខ ប៊ុន គ្រុប៕