(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា គិតរហូតមកដល់ពេលនេះ វិទ្យាស្ថានប៉ាស្ទ័រ បានធ្វើតេស្ដជិត៣ម៉ឺនតេស្ដហើយ លើប្រជាពលរដ្ឋជាង២ម៉ឺននាក់ និងនៅវិទ្យាស្ថានសុខភាពសាធារណៈ ជាង១ម៉ឺននាក់ ដើម្បីរកកូវីដ-១៩។
ការបញ្ជាក់របស់លោកស្រី យក់ សម្បត្ដិ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការទប់ស្កាត់ជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកកម្ពុជា ដែលរៀបចំដោយ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ។
លោកស្រី យក់ សម្បត្ដិ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំនួនធ្វើតេស្ដ គឺខ្ញុំសូមជម្រាបជូនខ្លី នៅក្នុងវិទ្យាស្ថានប៉ាស្ទ័រ យើងធ្វើបានចំនួន២៩០១៧តេស្តហើយ នៅលើប្រជាពលរដ្ឋ២០៣៩៧នាក់ [...] និងនៅវិទ្យាស្ថានសុខភាពសាធារណៈ មានការធ្វើតេស្ត ១០៥៩០នាក់»។
ជាមួយគ្នានោះ លោកស្រី យក់ សម្បត្ដិ បានឲ្យដឹងទៀតថា ប្រទេសកម្ពុជា ក៏មានបើកជូនលទ្ធភាព ជូនដល់អ្នកដំណើរ ដែលមានបំណងធ្វើដំណើរ ចេញទៅក្រៅប្រទេស ខណៈដែលប្រទេសមួយចំនួន តម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់ថា គ្មានកូវីដ-១៩។
លោកស្រី យក់ សម្បត្ដិ បានបញ្ជាក់ថា នៅវិទ្យាស្ថានសុខាភាពសាធារណៈ ក្រសួងអនុញ្ញាតឲ្យពលរដ្ឋធ្វើតេស្ដ និងចេញវិញ្ញាបនបត្រជូនពួកគាត់ ដើម្បីបញ្ជាក់ថា មិនមានកូវីដ-១៩ ក្នុងពេលធ្វើដំណើរចេញទៅក្រៅប្រទេស។
លោកស្រី យក់ សម្បត្ដិ បានបញ្ជាក់ទៀតថា ចាប់តាំងពីក្រសួងដាក់ឲ្យធ្វើមក មានប្រជាពលរដ្ឋជិត១ពាន់នាក់ហើយ បានមកធ្វើតេស្ដ ដើម្បីទទទួលបានវិញ្ញាបនបត្រនេះ ដើម្បីធ្វើដំណើរចេញទៅក្រៅប្រទេស។
លើសពីនោះទៀត លោកស្រី យក់ សម្បត្ដិ បានឲ្យដឹងថា ក្រសួងសុខាភិបាល គ្រោងធ្វើមន្ទីរពិសោធន៍កូវីដ១៩ នៅខេត្តសៀមរាប ហើយបន្តទៀត នឹងធ្វើនៅខេត្តបាត់ដំបង និងខេត្តកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើតេស្តរកកូវីដ១៩។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃ០២ ខែមិថុនា ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៤១នាក់។
អ្នកជំងឺសរុប១៣១នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយ នៅសល់តែ១០នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីកងទ័ពអាវសដ៏អង់អាចរបស់កម្ពុជា៕