(ព្រះសីហនុ)៖ ដើម្បីធានាសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តព្រះសីហនុ ដែលមានលោក ខាន់ រ៉ាត់ ជាប្រធាន នៅថ្ងៃទី0៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចាត់ឱ្យមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើទំនិញម្ហូបអាហារ វេចខ្ចប់ស្រាប់ នៅផ្សារពាណិជ្ជកម្ម និងផ្សារទំនើប ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្រ្តីសាខា ក ប ប ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងសកម្មភាព ចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូ ម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន៖ បង្គា មឹក ពពុះសណ្តែក ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងស្វែងរកសារធាតុអ៊ីយ៉ូដក្នុងអំបិលបរិភោគ។
មន្រ្តីដដែលបានបន្តថា ជាលទ្ធផលនៅក្នុងប្រតិបត្តិការចុះអង្កេតនៅផ្សារពាណិជ្ជកម្ម និងផ្សារទំនើប ខាងលើ មន្ត្រីជំនាញពុំបានរកឃើញមានវត្តមាន សារធាតុគីមីហាមឃាត់ នៅលើគ្រឿងសមុទ្រ និងពុំមានការដាក់តាំងលក់ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់នោះទេ។
ក្រុមការងារបានចុះផ្សព្វផ្សាយ និងបិទស្ទីគ័រ ណែនាំអំពី QR Code. តាមបណ្តាស្ថានីយ៍ ដេប៉ូ ប្រេងឥន្ធន: ក្នុងក្រុងព្រះសីហនុ បន្ទាប់មកមន្ត្រីជំនាញបានណែនាំ អប់រំបន្ថែមដល់អាជីវករទាំងអស់ សូមធ្វើការត្រួតពិនិត្យ ទំនិញរបស់ខ្លួនអោយបានជាប់ជាប្រចាំ និងចូលរួមសហការ អនុវត្តអោយបានត្រឹមត្រូវ ទៅតាមស្តង់ដារបច្ចេកទេស ក៏ដូចជាលក្ខខ័ណ្ឌតម្រូវ នៃបទបញ្ញត្តបច្ចេកទេស ជាពិសេសភាពអនុលោមទៅនឹង ច្បាប់ស្តីពី «ការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា» និង ច្បាប់ស្តីពី «កិច្ចការពារអ្នកប្រើប្រាស់»៕