(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីភាពមិនប្រក្រតីនៃរបាយការណ៍ របស់អង្គការលីកាដូ (LICADHO) ដែលបានចេញ ផ្សាយនូវរបាយការណ៍មួយអមដោយវីដេអូខ្លីដែលមានចំណងជើងថា «ការនាំឱ្យមានចំណាកស្រុក៖ បទពិសោធន៍នៃ ភូមិមួយអំពីបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការចំណាកស្រុកឆ្លងដែន»។
របាយការណ៍នោះកើតឡើងពីការអង្កេត ជាមួយសមាជិកគ្រួសារ ដែលស្នាក់នៅផ្ទះចំនួន៣០គ្រួសារ កាលពីខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងសេចក្តីថ្លែងការណ៍ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា អ្នកស្រាវជ្រាវនៃអង្គការលីកាដូក៏បានរកឃើញថា ការជាប់ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនលើសលុប គឺជាកត្តាចម្បងលើកទឹកចិត្ត នាំឱ្យមានការធ្វើចំណាកស្រុកចេញពីភូមិ។ ប៉ុន្តែបន្ទាប់ពីចុះទៅដល់ទីតាំងផ្ទាល់ក្នុងភូមិគោកស្រុក ឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការផ្ទៀតផ្ទាត់ ជាមួយអ្នកផ្តល់បទសម្ភាសន៍ និងអាជ្ញាធរមូលដ្ឋាន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរកឃើញនូវភាពមិនប្រក្រតីជាច្រើន នៃរបាយការណ៍នេះ។
តាមរយៈវីដេអូរបស់អង្គការលីកាដូ (https://bit.ly/31yWQuA) ក្រុមការងារសមាគមកាលពីចុងខែឧសភា បានរកឃើញអ្នកភូមិ២នាក់ ក្នុងចំណោម៤នាក់ (២នាក់ទៀត មិនអាចកំណត់អត្តសញ្ញាណបាន) ដែលបានសម្ភាសក្នុងខ្សែវីដេអូនេះ ដើម្បីធ្វើការផ្ទៀងផ្ទាត់ឡើងវិញ ហើយអ្វីដែលយើងរកឃើញ គឺពិតជាគួរឱ្យភ្ញាក់ផ្អើល និងផ្ទុយពីតថភាពពិតដូចខាងក្រោម៖
ករណីទី១៖ លោកឈ្មោះ ខុន រ៉េត (នៅក្នុងនាទី ០០៖១៥) ជាបុរសពោះម៉ាយ អាយុជាង ៦០ឆ្នាំ មុខរបរចំបងគឺជាជាងសំណង់។ ប៉ុន្តែតាមរយៈការសម្ភាសន៍យើងបាន រកឃើញថា លោក ខុន រ៉េត មិនដែលធ្លាប់បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយឡើយ ហើយជីវភាពរស់នៅរបស់គាត់ក៏មានភាពប្រសើរឆ្ងាយខុសពីអ្វីដែលបាន រកឃើញនៅក្នុងរបាយការណ៍នេះ។
ដូចនេះការដែលលើកយកបទពិសោធន៍ ចំណាកស្រុកកាលពីជាង១០ឆ្នាំមុន មកភ្ជាប់នឹងបំណុលមីក្រូហិរញ្ញវត្ថុ ទាំងដែលគាត់មិនធ្លាប់ទទួលប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយអះអាងថាបំណុលមីក្រូហិរញ្ញវត្ថុ ជម្រុញឱ្យមានការចំណាកស្រុក គឺជារឿងមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ។
ករណីទី២៖ ឈ្មោះ វ៉ាន់ ឌីឈុំ (នៅក្នុងនាទី០០:២៤) មានអាយុ២៤ឆ្នាំ ជាកម្មករចំណាកស្រុកធ្វើការសំណង់នៅប្រទេសថៃ។ ក្រុមគ្រួសារគាត់ដោយប្រើប្រាស់ ឈ្មោះម្តាយជាតំណាង ជំពាក់បំណុលសរុបចំនួន ១១ម៉ឺនបាតដែលក្នុងនោះ កម្ចីពីអ្នកចងការប្រាក់ (ក្រៅប្រព័ន្ធ) ចំនួន៩ម៉ឺនបាត និងកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចំនួនតែ២ម៉ឺនបាតប៉ុណ្ណោះ។ កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះ ក៏ជាប្រភេទកម្ចីក្រុមដែលមិនមានការដាក់ទ្រព្យ ឬប្លង់ធានាអ្វីទាំងអស់ ហើយគាត់ក៏បានបញ្ជាក់ថា ជីវភាពក្រោយចំណាកស្រុក ក៏មានភាពប្រសើរជាមុនផងដែរ។
ដូចនេះការចោទប្រកាន់ថា បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នាំឱ្យមានការចំណាកស្រុក គឺជារឿងមិនត្រឹមត្រូវ និងមិនអាចទទួលយកបាន ហើយក៏ឆ្លុះបញ្ជាំងថា អ្នកសម្ភាស មិនទាន់យល់ដឹងថា អ្វីទៅជាសេវាហិរញ្ញវត្ថុផ្លូវការស្របច្បាប់ និងអ្វីទៅជាសេវាហិរញ្ញវត្ថុក្រៅផ្លូវការគ្មានច្បាប់ អនុញ្ញាតដែលមានអត្រាការប្រាក់ខ្ពស់ ហើយគ្មានយន្តការការពារអតិថិជន។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា អ្នកភូមិទាំងពីរនាក់សុទ្ធតែបញ្ជាក់ថា ពិតជាបានចូលរួមធ្វើការសម្ភាសក្នុងខ្សែវីដេអូ របស់អង្គការលីកាដូ ហើយព័ត៌មានដែលអ្នកទាំងពីរនាក់ផ្តល់ឱ្យសមាគមក៏ត្រូវបានយកទៅផ្ទៀងផ្ទាត់បន្ថែមជាមួយមេភូមិ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរ។
ក្រៅតែពីភាពមិនប្រក្រតីខាងលើ តាមការចុះអង្កេតនិងការសម្ភាស ដោយផ្ទាល់ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ នៅក្នុងភូមិឃុំខាងលើ ពួកគាត់បានលើកឡើងស្របគ្នាថា ប្រាក់កម្ចីដែលផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ គឺពិតជាមានសារៈប្រយោជន៍មិនអាចខ្វះបាន ក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើង នូវមុខរបរ និងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការអភិវឌ្ឍភូមិឃុំរបស់គាត់ផងដែរ ដែលវាផ្ទុយស្រឡះទៅនឹងរបាយការណ៍របស់អង្គការលីកាដូ។
ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩ អង្គការលីកាដូជារឿយៗ បានចេញផ្សាយការសិក្សាទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុ ដែលមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពរួមដោយផ្តោត តែលើផ្នែកអវិជ្ជមាន ហើយការសិក្សានេះទៀតសោត ក៏មិនអាចធ្វើការផ្ទៀងផ្ទាត់ឡើងវិញបាន។ ផ្អែកលើហេតុផលនេះនិងតាមអ្វីដែលយើងបានរកឃើញផ្ទាល់សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា មានមន្ទិលសង្ស័យចំពោះសុចរិតភាព និងគោលបំណងពិតប្រាកដរបស់អង្គការលីកាដូ អំពីការសិក្សាផ្សេងៗកន្លងមក ដែលទាក់ទងនឹងវិស័យ មីក្រូហិរញ្ញវត្ថុ។
ពិសេសក្នុងបរិបទជំងឺកូវីដ១៩ របាយការណ៍ទាំងនេះបានផ្តល់ការរំខានដល់វិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដែលបាននិងកំពុងមមាញឹក ចូលរួមជាមួយរាជរដ្ឋាភិបាល ផ្សព្វផ្សាយ ទប់ស្កាត់ និងការពារអតិថិជនពីការរីករាលដាលនៃជំងឺកូវីដ១៩ រួមទាំងការជួយដល់អតិថិជន ដែលរងផលប៉ះពាល់តាមវិធីផ្សេងៗ ដូចជាការរៀបចំឥណទាន ឡើងវិញជូនអតិថិជនជាង២២ម៉ឺននាក់ ក្នុងទំហំឥណទានជាង ១,១០០លានដុល្លារសហរដ្ឋអាមេរិក។
ក្នុងនាមជាសមាគមវិជ្ជាជីវៈតែមួយគត់ ដែលតំណាងឱ្យវិស័យមីក្រូហិរញ្ញវត្ថុ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែរក្សានិងប្រកាន់ខ្ជាប់នូវទស្សនវិស័យរបស់ខ្លួន តាមរយៈការជួយឱ្យប្រជាជនកម្ពុជាគ្រប់រូប ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ សំបូរបែប និងទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ សមាគមសូមស្វាគមន៍និងមានឆន្ទៈចូលរួមការសិក្សា ក៏ដូចជាអន្តរាគមន៍ទាំងឡាយណាដែលមានសុឆន្ទៈពិតប្រាកដក្នុងការជួយដល់ប្រជាជនកម្ពុជា៕