(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅបរិវេណវត្តព្រះនទីបព្វតារាម ហៅវត្តថ្មីលើ លោក ចាយ បូរិន តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងលោក រ័ត្ន វិរ: អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ព្រមទាំងលោក លោកស្រី អភិបាល អភិបាលរង ស្រុកអូររាំងឳ និងសហការីទាំងអស់ បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ដល់វត្តចំនួន០៤ រួមមានវត្តនទីបព្វតារាម (វត្តថ្មីលើ), វត្តព្រះធាតុ បាស្រី, វត្តសុវណ្ណគីរី (ហៅវត្តស្ទឹងអង្កាញ់) និងវត្តកថាវត្ថុមន្តារាម (ហៅវត្តទួលឃ្លាំង) ស្ថិតនៅភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ថ្លែងនាឱកាសនោះលោកតំណាងរាស្រ្តខេត្តត្បូងឃ្មុំ បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
លោកបានបន្តថា សម្រាប់ទំនៀមទម្លាប់តៗរៀងមក ការបូជាទៀនវស្សាគឺជាផ្នែកមួយ នៃការគោរពរបស់ពុទ្ធបរិស័ទ ដើម្បីរំលឹកនឹកទៅដល់គុណូបការៈនៃព្រះសម្មាសម្ពុទ្ធសមណគោត្តម ដោយធ្វើការបូជាគ្រឿងសក្ការៈ ផ្គត់ផ្គង់ប្រគេនចង្ហាន់បិណ្ឌបាត និងគ្រឿងបរិក្ខារផ្សេងៗ ដល់ព្រះសង្ឃគង់ចាំវស្សា។
លោក ចាយ បូរិន បានបញ្ជាក់ថា ទាំងនេះជាទំនៀមទម្លាប់មួយដ៏ល្អតាំងពីបុរាណកាលមក ដែលបង្ហាញពីការរួមសាមគ្គីគ្នារបស់ពុទ្ធបរិស័ទខ្មែរ ក្នុងការដង្ហែនិងនាំយកនូវទេយ្យទាន ទៅប្រគេនព្រះសង្ឃនៅតាមទីអារាមនានា និងរួបរួមគ្នាបរិច្ចាគធនធានទៅតាមសទ្ធាជ្រះថ្លា ក្នុងជំនឿសាសនាចាប់យកនូវកុសលផលបុណ្យរៀងៗខ្លួន។
ក្នុងឱកាសនោះដែរលោកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩ (COVID-19) ខណៈដែលពិភពលោក កំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងនៅឡើយ។
សូមជម្រាបថា ទៀនព្រះវស្សា ទេសយ្យទាន ទេយ្យវត្ថុ ដែលលោក ចាយ បូរិន និងលោក រ័ត្ន វិរ: ព្រមទាំងសហការីទាំងអស់ បាននាំយកទៅប្រគេនដល់វត្តចំនួន៤ខាងលើ ដោយក្នុង១វត្តទទួលបាន៖ ទៀនព្រះវស្សាចំនួនមួយគូរ អង្ករ មី ប្រេងឆារ ស្ករស អំបិល ទៀន ធូប ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោខាប់ ទឹកបរិសុទ្ធ ទឹកផ្លែឈើ ផ្លែឈើ និងថវិការមួយចំនួន ព្រមទាំងជូនប្រជាពលរដ្ឋចំនួន៥០នាក់នូវថវិការ និងសៀវភៅច្បាប់ក្រុមង៉ុយម្នាក់១ក្បាលផងដែរ៕