(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រាប់ទៅអភិបាលរាជធានី-ខេត្ត ត្រូវជំរុញដល់រដ្ឋបាលឃុំសង្កាត់ ចូលរួមអនុវត្តវិធានការឆ្លើយតបទៅនឹងគ្រោះអាសន្ន ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។
យោងតាមលិខិតរបស់លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ ក្រសួងមហាផ្ទៃ បានណែនាំដូចខាងក្រោម៖
* ទី១៖ បង្កើនកិច្ចសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការផ្សព្វផ្សាយអំពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំឲ្យមានប្រសិទ្ធភាព
* ទី២៖ អនុវត្តការងារពិនិត្យ និងប្រមូលទិន្នន័យស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជាការងារអាទិភាព ដើម្បីផ្ទៀតផ្ទាត់លើគុណវុឌ្ឍិដែលត្រូវទទួលផល និងជំរុញការចុះឈ្មោះទៅក្នុងកម្មវិធីឲ្យបានគ្របដណ្ដប់ជាអតិបរមា។
ទន្ទឹមនេះ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវជួយតាមដាន និងណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តកិច្ចការនេះឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕