(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ តាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយដកហូតទូរស័ព្ទដៃម៉ាកសាំសុង១គ្រឿង ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះថា បានបាត់បង់ទូរស័ព្ទដៃម៉ាកសាំសុង២គ្រឿង និងកុំព្យូទ័រលេថប ម៉ាកគម្ពី ចំនួន០១គ្រឿង ស្ថិតនៅចំណុចបន្ទប់ផ្ទះជួលគ្មានលេខ ផ្លូវ៣៧១ ក្រុមទី១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីទាបភ្លឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។
នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ត្រី អ៊ំ រតនា នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលបានថ្លែងប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ។
លោកវរសេនីយ៍ត្រី នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ អ៊ំ រតនា បានបញ្ជាក់ទៀតថា ចំពោះការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការកាប់គាស់ ទម្លុះទម្លាយ (យកដែកគាស់ចម្រឹងបង្អួចផ្ទះចូលយកទូរស័ព្ទដៃ និងកុំព្យូទ័រលេបថប) របស់ជនរងគ្រោះនេះ បានអនុវត្តឡើង ស្ថិតនៅចំណុចមុខបុរីប៉េងហួត ផ្លូវ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាវេលាម៉ោង២១៖៣០នាទីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។
នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើដដែល បានឲ្យដឹងផងដែរថា ជនសង្ស័យដែលតាមស្រាវជ្រាវឃាត់ខ្លួនបាន ដោយជាប់ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការកាប់គាស់ទម្លុះទម្លាយ (យកដែកគាស់ចម្រឹងបង្អួចផ្ទះចូលយកទូរស័ព្ទដៃ និងកុំព្យូទ័រលេបថប) របស់ជនរងគ្រោះនេះដែរមានឈ្មោះ មាស ចាន់ថន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ ហើយមានផ្ទុកសារធាតុញៀន។ ចំណែកឯជនរងគ្រោះឈ្មោះ ជាតិ ច័ន្ទរង្សី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបន្ទប់ផ្ទះជួលគ្មានលេខ ផ្លូវ៣៧១ ក្រុមទី១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
លោកថា ក្រៅពីឃាត់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាង មានទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកសាំសុង ពណ៍ទឹកប្រាក់ ដែលជារបស់ជនរងគ្រោះ ហើយជនរងគ្រោះនៅក្នុងហេតុការណ៍នេះ បានបាត់បង់សម្ភារ ដូចជា ទូរស័ព្ទដៃម៉ាកសាំសុង២គ្រឿង និងកុំព្យូទ័រលេថប ម៉ាកគម្ពី ចំនួន០១គ្រឿង។
យ៉ាងណាក៏ដោយ ជនសង្ស័យ និងវត្ថុតាងពេលនេះ កំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្នុងការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនិតិវិធី៕