(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរសរុប១២២នាក់ទៀត បានធ្វើដំណើរពីប្រទេសម៉ាឡេស៉ី តាមជើងយន្តហោះ មកដល់មាតុប្រទេសវិញហើយ នៅព្រឹកថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០២០នេះ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំង ១២២នាក់ បានធ្វើដំណើរតាមជើងយន្តហោះពាណិជ្ជកម្មលេខ MH754 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី។ ជើងហោះហើរនេះក៏មានជនជាតិម៉ាឡេស៉ី៤៤នាក់ និងអ្នកដំណើរឆ្លងកាត់ ដែលជាជនជាតិខ្មែរកាន់លិខិតឆ្លងដែនបរទេស និងជនបរទេសផ្សេងទៀតមានចំនួន ២៦នាក់ ធ្វើដំណើរមកពី ១០ប្រទេសផងដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានបញ្ជាក់ថា «នេះគឺជាជើងហោះហើរពាណិជ្ជកម្មធម្មតា ដោយមានការជួយសម្របសម្រួលបន្ថែម ពីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី»។
លោកបន្តថា ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋពលករ-ពលការនី សិស្ស-និស្សិតកម្ពុជា បានវិលត្រឡប់មកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់ តាមរយៈជើងយន្តហោះពាណិជ្ជកម្មធម្មតា និងជើងយន្តហោះពាណិជ្ជកម្មពិសេស ក្រោមកិច្ចសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡាស៉ី និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី។ ការសម្របសម្រួលនេះ បានជួយពលរដ្ឋខ្មែរ ឲ្យធ្វើមាតុភូមិនិវត្តន៍ចំនួន៣លើក សរុបចំនួន ៤៣២នាក់ (រួមទាំងអ្នកដំណើរឆ្លងកាត់ជនជាតិខ្មែរផងដែរ)។
បច្ចុប្បន្ន ស្ថានទូតកំពុងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍នានា ដែលធ្វើប្រតិបត្តិការហោះហើររវាងកម្ពុជា-ម៉ាឡេស៉ី អាចបើកដំណើរការជើងហោះហើររបស់ខ្លួន ជាប្រក្រតីឡើងវិញបានឆាប់។
គួររំលឹកថា គិតចាប់ពីផ្ទុះជំងឺកូវីដ១៩ មានជើងហោះហើរពីម៉ាឡេស៉ីមកកម្ពុជា ទើបតែបាន ៣លើកប៉ុណ្ណោះ សរុបទាំងលើកនេះ ដែល២លើកមុននោះ រួមមាន៖
* លើកទី១៖ កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន២០៤នាក់។
* លើកទី២៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន១៥៨នាក់៕