(ភ្នំពេញ)៖ ប្រៃសណីយ៍កម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ពីការបើកទទួលបញ្ញើទៅកាន់ម៉ាឡេស៊ី និងវៀតណាមឡើងវិញ ខណៈប្រទេសដទៃរង់ចាំមានជើងហោះហើរឡើងវិញសិន។
សេចក្តីជូនដំណឹងរបស់ប្រៃសណីយ៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានបញ្ជាក់ថា «ប្រៃសណីយ៍កម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់អតិថិជនទាំងអស់ឲ្យបានជ្រាបថា ប្រៃសណីយ៍កម្ពុជា ចាប់ដំណើរការទទួលផ្ញើតែបញ្ញើរហ័ស (EMS) ទៅប្រទេសម៉ាឡេស៊ី និងបញ្ញើគ្រប់ប្រភេទ តាមផ្ទៃរាបទៅប្រទេសវៀតណាម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។
លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា បានបញ្ជាក់ប្រាប់ Fresh News ថា ការបើកទទួលបញ្ជើទៅកាន់ប្រទេសទាំង២នេះសិន សម្រាប់ប្រទេសដទៃទៀតរង់ចាំដល់មានជើងហោះហើរឡើងវិញ។
សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ប្រៃសណីយ៍កម្ពុជា បានសម្រេចផ្អាកការទទួលបញ្ញើ ផ្ញើឥវ៉ាន់ទៅគ្រប់ប្រទេសទាំងអស់ ដោយសារតែវិបត្ត COVID-19៕