(សៀមរាប)៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្ត បាននិងកំពុងធ្វើយុទ្ធនាការពន្យល់ និងបិទខិតប័ណ្ណផ្សព្វផ្សាយ (Flyer) លើខ្លឹមសារ «ការស្វែងយល់អំពីអំពើ មិនសុចរិត ក្នុងធុរកិច្ចពាក់ព័ន្ធនឹងប្រេងឥន្ធនៈ» ក្នុងគោលបំណងបញ្ជ្រាប ការយល់ដឹង អំពីបទដ្ឋានគតិយុត្តិ ដែលតម្រូវឲ្យអ្នកធ្វើធុរកិច្ចប្រេងឥន្ធនៈទាំងអស់ ប្រកបមុខរបរតាមរយៈការប្រកួតប្រជែង ប្រកបដោយសុចរិតភាព និងតម្លាភាព ក៏ដូចជាការការពារផលប្រយោជន៍ អ្នកប្រើប្រាស់ទូទៅផងដែរ។
លោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខា ក.ប.ប ខេត្តសៀមរាប និងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានឲ្យដឹងថា យុទ្ធនាការផ្សព្វផ្សាយរបស់សាខា ក.ប.ប ខេត្តសៀមរាបនេះ ធ្វើឡើងដោយមានកម្មវីធី និងការកំណត់ច្បាស់លាស់ ពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងណែនាំដល់ម្ចាស់ស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ធនៈទាំងអស់ បានយល់ដឹងនូវឯកសារ បទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធ នឹងការដាក់លក់ប្រេងឥន្ធនៈបម្រើអតិថិជន ប្រកបដោយភាពទៀងត្រង់។
លោក ខៀវ បញ្ញាវឌ្ឍន៍ បានបន្ថែមទៀតថា យុទ្ធនាការណែនាំ និងបិទប័ណ្ណផ្សព្វផ្សាយនេះ គឺជាការបង្កលក្ខណៈឲ្យកាន់តែងាយស្រួលដល់ អ្នកប្រកបមុខរបរប្រេងឥន្ធនៈផង និងអ្នកប្រើប្រាស់ផង ក្នុងការស្វែងដឹងតម្លៃលក់រាយប្រេង ដែលកំណត់ដោយប្រកាសអន្តរក្រសួង និងបច្ចុប្បន្នភាពសេចក្តីជូនដំណឹងអំពីថ្លៃ លក់រាយប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្មភ្លាមៗ នៅនឹងកន្លែងផងដែរ។
លោកបន្តថា តាមរយៈ QR Code នៅលើខិតប័ណ្ណផ្សព្វផ្សាយនេះ ភាគីទាំងពីរអ្នកលក់ និងអ្នកទិញអាចស្វែង រកបទដ្ឋានគតិយុត្តិ ដែលអ្នកធ្វើធុរកិច្ច ត្រូវទទួលខុសត្រូវ ទៅលើថ្លៃគុណភាព និងបរិមាណ ក៏ដូចជាការពិន័យ និងទោសទណ្ឌ ដែលស្តែងចេញពីភាពមិនសុចរិត ក្នុងធុរកិច្ចទៀតផង។
លោកប្រធានសាខា ក.ប.ប ខេត្តសៀមរាបរូបនេះ បានបញ្ជាក់ថា ធុរជនដែលប្រព្រឹត្តមិនសុចរិត ដូចជាលក់ប្រេងខ្ពស់ ជាងសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម អាចនឹងត្រូវពិន័យអន្តរការណ៍ រហូតដល់៤លានរៀល ហើយបើមានការបន្លំគុណភាពទៀតវិញ និងត្រូវពិន័យអន្តរការណ៍ រហូតដល់២០លានរៀល និងអាចត្រូវដកហូត ឬលុបវិញ្ញាបនបត្រ ចុះបញ្ជីពាណិជ្ជកម្ម ឬប្រឈមមុខនឹងការឡើងតុលាការផងដែរ។ ដូចគ្នាដែរ ការក្លែងបន្លំបរិមាណ អាចត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងអនុវត្តនីតិវិធីតុលាការដូចគ្នា។
ពាក់ព័ន្ធនឹងលទ្ធផល នៃការចុះយុទ្ធនាការផ្សព្វផ្សាយខិតប័ណ្ណរយៈពេល៣ថ្ងៃជាប់ៗគ្នានេះ លោក ខៀវ បញ្ញាវឌ្ឍន៍ បានឲ្យដឹងថា សាខា ក.ប.ប ខេត្តសៀមរាប បានចុះអនុវត្តការលើស្រុកចំនួន០៤ មានដូចជាស្រុកសៀមរាប, ស្រុកក្រឡាញ់, ស្រុកប្រាសាទបាគង, និងស្រុកសូទ្រនិគម ដោយបានសហការជាមួយ ម្ចាស់ស្ថានីយ៍ និងដេប៉ូប្រេងឥន្ទនៈ ព្រមទាំងបានបិទ និងចែកចាយខិតប័ណ្ណខ្នាត A3, A4 A5 អស់ចំនួន២០៥សន្លឹក នៅតាមទីតាំងស្ថានីយ៍និងដេប៉ូប្រេងឥន្ធនៈ ក្នុងស្រុកទាំងនោះផងដែរ។
ចុងបញ្ចប់ លោក ខៀវ បញ្ញាវឌ្ឍន៍ បានថ្លែងអំណរគុណ ដល់គណៈអភិបាលខេត្តសៀមរាប មន្ទីរពាណិជ្ជកម្មខេត្ត ដែលជាដៃគូ ក៏ដូចជាអាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ និងការចូលរួមយ៉ាងរលូន ពីម្ចាស់ស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈទាំងអស់ ដែលបានផ្តល់លទ្ធភាព និងបង្កលក្ខណៈឲ្យសាខាលោក អនុវត្តយុទ្ធនាការនេះបានយ៉ាងរលូន៕