(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានករណីដេញប្លន់ម៉ូតូ២ករណីផ្សេងគ្នា ដោយមួយកើតឡើងនៅទឹកដីសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមួយទៀតកើតឡើង នៅទឹកដីសង្កាត់បឹងទំពុន ខណ្ឌមានជ័យ នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ បណ្តាលឲ្យបាត់បង់ម៉ូតូមួយគ្រឿង ខណៈជនរងគ្រោះម្នាក់ បានរងរបួសធ្ងន់ ដោយសារតែជនសង្ស័យកាប់ប្រហារ។

ករណីប្លន់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៖

ភ្នាក់ងារ Fresh News បានរាយការណ៍ថា សម្រាប់ករណីកើតឡើង នៅទឹកដីខណ្ឌសែនសុខ គឺបុរសពីរនាក់បងប្អូន ត្រូវបានជនសង្ស័យ៦នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ ដេញកាប់ប្លន់យក ម៉ូតូមួយគ្រឿងមិនបានសម្រេច តែបណ្តាលឲ្យបុរសជាប្អូន រងរបួសឈាម ហូរជោកខ្លួន។

ករណីនេះបានកើតឡើង  នៅតាមបណ្តោយផ្លូវលេខ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វេលាម៉ៅង១១៖៥០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។ រងគ្រោះបានរៀបរាប់ទាំងឈឺចុកចាប់ថា មុនកើតហេតុ ពួកគេជិះម៉ូតូមួយគ្រឿងម៉ាក Suzuki let's ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1FF-9260 ទៅដឹកយកបងប្រុសចេញពីធ្វើការ ត្រឡប់មកផ្ទះជួលវិញ ដោយជិះតាមផ្លូវ២៧១ លុះជិះមកដល់ផ្លូវ២០០៤ បានប្រហែលមួយគីឡូម៉ែត្រ ក៏លេចមុខជនសង្ស័យ៦នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ ដេញកាប់ប្លន់តែម្តង។ ពេលនោះក្រុមចោរបានកាប់ចំ ជនរងគ្រោះជាប្អូនត្រង់ក្បាល និងខ្លួនរីឯបងប្រុស មិនត្រូវបានក្រុមចោរកាប់នោះទេ។

ជនរងគ្រោះបានបន្តទៀតថា ដោយសារកន្លែងដែលក្រុមចោរដេញកាប់នោះ មានមនុស្សច្រើន ធ្វើឲ្យពួកគេទាំងពីរនាក់ បងប្អូនបានផ្តួលម៉ូតូចោល រួចរត់ស្រែកហៅឲ្យគេនៅក្បែរនោះជួយ ពេលឃើញមានមនុស្សច្រើនចេញមកជួយ ធ្វើឲ្យក្រុមចោរកាប់ប្លន់ទាំង៦នាក់នោះបាន ជិះម៉ូតូរត់ចេញទៅវិញអស់ទៅ បន្សល់ទុកនៅតែជនរងគ្រោះ ដែលរងរបួស និងម៉ូតូនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានចុះទៅសួរនាំ ជនរងគ្រោះភ្លាមៗ ដើម្បីចង់ដឹងថា តើនេះជាករណីដេញកាប់ប្លន់យកម៉ូតូ ឬជារឿងគំនុំ។

ករណីប្លន់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ៖

សេចក្តីរាយការណ៍ របស់ភ្នាក់ងារ Fresh News បានឲ្យដឹងថា មាននារីម្នាក់ជិះម៉ូតូមួយគ្រឿង ទៅលេងមិត្តភក្តិ នៅម្តុំបឹងសាឡាង ខណ្ឌទួលគោក លុះបានប្រហែលជាង៣ម៉ោង ក៏បានមកជិះត្រឡប់មកផ្ទះវិញ ត្រូវជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង តាមមកពីក្រោយ ដកកាំភ្លើងខ្លីគំរម រកបាញ់ រួចក៏យកម៉ូតូទៅបាត់ ដោយសុវត្ថិភាព នៅវេលាម៉ោង២៖២០នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវ២៧១ បត់ស្ដាំចូលតាមខ្លោងទ្វារវត្តសន្សំកុសល ជាង៩០០ម៉ែត្រ តាមបណ្ដោយផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

នារីរងគ្រោះឈ្មោះ រិន ចេតនា បានឲ្យដឹថា មុនពេលកើតហេតុ នាងបានជិះម៉ូតូមួយគ្រឿង ម៉ាក Scoopy ពណ៌ក្រហម លាយស ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A-6962 ទៅលេងមិត្តភក្តិ នៅម្តុំបឹងសាឡាង។ ក្រោយមកក៏ បានជិះត្រឡប់មកផ្ទះវិញ តាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីកើតទៅលិច លុះមកដល់ផ្លូវបត់ចូលទៅវត្តសន្សំកុសល ចំណុចកើតហេតុខាងលើ ក៏លេចមុខ ចោរពីនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកនិចពណ៌ស បានបើកមកពីក្រោយអែបម៉ូតូកៀរឲ្យឈប់ រួចដកកាំភ្លើងខ្លី គំរាមបាញ់នៅពេលនោះ ខ្លួនមានការភិតភ័យ ក៏បានឲ្យម៉ូតូ និងទូរសព្ទ័ទៅចោរនោះទៅជិះគេចខ្លួន ដោយសុវត្ថិភាព។ ក្រោយកើតហេតុ នារីរងគ្រោះបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយតាមស្វែងរក​ចាប់ខ្លួនជនសង្ស័យទាំងនោះ៕