(សហរដ្ឋអាមេរិក)៖ តបតាមការអញ្ជើញពីវិទ្យាស្ថាន US-KI, SAIS នៃសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក លោក ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមធ្វើជាវាគ្មិនកិត្តិយស ក្នុងបទបង្ហាញមួយស្តីពីទំនាក់ទំងកម្ពុជា និងសហរដ្ឋអាមេរិក (Cambodia-US Relations) ដែលពិធីនេះត្រូវបានប្រារព្វធ្វើឡើងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅសាលសន្និសីទ Kenny Auditorium នៃសាកលវិទ្យាល័យ Johns Hopkins ក្នុងទីក្រុងវ៉ាស៊ីតុន នេះបើយោងតាមមន្រ្តីដែលចូលរួមក្នុងកម្មវិធីខាងលើនេះថ្លែងប្រាប់ Fresh News នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។

នៅក្នុងបទបង្ហាញដ៏កម្រមួយដែលមានការអញ្ជើញ ចូលរួមពីអ្នកជំនាញសាស្រ្តាចារ្យ និងនិស្សិតអន្តរជាតិ អាមេរិកប្រមាណ១០០នាក់ លោក ហ៊ុន ម៉ានី បានបញ្ជាក់ពីស្ថានភាព និងភាពចាំបាច់នៃទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរក្នុងដំណាក់កាលផ្សេងៗគ្នា និងផ្តល់ ជាអនុសាសន៍ជាក់ស្តែងនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។

លោកបានថ្លែងថា បើទោះជាគ្រាកន្លងទៅកម្ពុជា និងសហរដ្ឋអាមេរិក មានបញ្ហាមួយចំនួន ដែលតម្រូវឲ្យប្រទេសទាំងពីរមានការសម្រេចផ្សេងគ្នាយ៉ាងណាក៏ដោយ លោកមានជំនឿទៅលើភាពសុទិដ្ឋិនិយមសម្រាប់ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកក្នុងពេលអនាគត។

ក្នុងបទអន្តរាគមន៍ដែលមានរយៈពេលប្រមាណ ៤០ នាទី លោកបានធ្វើការសង្កត់ធ្ងន់ ទៅលើយន្តការជាក់ស្តែងនានា ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនង រវាងប្រទេសទាំងពីរដែលក្នុង នោះលោកបានឲ្យតម្លៃខ្ពស់ចំពោះការជឿជាក់គ្នា ការបន្តការស្វែងយល់ពីគ្នាឲ្យកាន់ តែច្បាស់ និងកិច្ចប្រឹងប្រែងក្នុងការកាត់បន្ថយនូវការយល់ច្រលំរវាងគ្នានិងគ្នា។

លោក ហ៊ុន ម៉ានី ជាវាគ្មិនកម្ពុជាទី១ ដែលត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសដោយ សាកលវិទ្យាល័យ Johns Hopkins។ លោកជាវាគ្មិនមួយរូបស្ថិតក្នុងចំណោមវាគ្មិនកិត្តិយស ពិភពលោកផ្សេងៗទៀត ដែលធ្លាប់បានអញ្ជើញមកសាកលវិទ្យាល័យនេះធ្វើបទបង្ហាញ ក្នុង នោះរួមមានលោកស្រី Hilary Clinton អតីតរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Hamid Karzai អតីតប្រធានាធិបតីអាហ្គានីស្ថាន លោក Donald Rumsfeld អតីត រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក។ល៕