(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសថា នៅព្រឹកមិញថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ តំណាងអង្គការ UNESCO (យូណេស្កូ) បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់ ការចុះបញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ដល់ប្រទេសកម្ពុជា។

ពិធីប្រគល់ប្រគល់វិញ្ញាបនប័ត្រទទួលស្គាល់ការបញ្ចូល ល្បែងទាញព្រ័ត្រ ក្នុងបញ្ជី «បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» ដល់កម្ពុជានេះ ត្រូវបានធ្វើឡើងនៅ សារមន្ទីរជាតិក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

តាំងពីឆ្នាំ២០១៣ មានប្រទេស៤ គឺប្រទេសកម្ពុជា កូរ៉េខាងត្បូង វៀតណាម និងហ៊្វីលីពីន ដែលមានល្បែងទាញព្រ័ត្រនេះ បានផ្តួចផ្តើមរួម សហការគ្នាដើម្បីរៀបចំឯកសារដាក់ស្នើចុះបញ្ចូលល្បែង ទាញព្រ័ត្រក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ហើយគណៈកម្មការអន្តរជាតិ រដ្ឋាភិបាល នៃUNESCO បានសម្រេចយល់ព្រមទទួលស្គាល់ការចុះបញ្ជីនេះ កាលពីកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ។

ក្រសួងវប្បធម៌ បានប្រកាសថា ការចុះបញ្ជីល្បែងទាញព្រ័ត្រ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិនេះ នឹងធ្វើឱ្យល្បែងទាញព្រ័ត្រ ទទួលបាននូវការទទួលស្គាល់ និងការលើកតម្លៃ ហើយនឹងត្រូវបាន យកចិត្តទុកដាក់ការពារឱ្យគង់វង្សតទៅមុខទៀត៕