(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថាគិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ដែលបានចាប់ផ្តើមធ្វើការផាកពិន័យលើការផុតសុពលភាពលើសពី៣០ថ្ងៃ នៃសេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោក ធ្វើការផាកពិន័យបានទឹកប្រាក់ ៤២៦លានរៀល និងបានដាក់ចូលជាថវិកាជាតិ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចររាចរណ៍ ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ដែលមានសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចររាចរណ៍ផ្លូវគោក អញ្ជើញជាអធិបតី។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងទៀតថា ការអនុវត្តការផាកពិន័យនេះដោយសារតែមានប្រកាសអន្តរក្រសួង រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច សម្រេចថានឹងផាកពិន័យឡានទេសចរណ៍ ចំនួន៥០០រៀលក្នុងមួយថ្ងៃដែលផុតសុពលភាព ឡានធំផាកពិន័យ ២០00រៀល ក្នុងមួយថ្ងៃដែល ផុតសុពលភាព។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបន្ថែមថា ដោយមើលឃើញថារថយន្តដែលហួសសុពលភាពនៃសេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោកមានច្រើន និងមាន ខ្លះមានរយៈពេល៥ ទៅ៦ឆ្នាំ ហើយកម្រិតនៃការផាកពិន័យមានច្រើនខ្លាំងពេក ដូចនេះក្រសួងសម្រេចថា សម្រាប់ឡានទេសចរណ៍ដែលហួសសុពលភាព ច្រើនឆ្នាំធ្វើការផាកពិន័យតែ២ឆ្នាំនោះទេ ហើយឡានធំដែលហួសសុពលភាពច្រើនឆ្នាំ គឺធ្វើការផាកពិន័យតែមួយឆ្នាំនោះទេ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០មក ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការផាកពិន័យលើការផុតសុពលភាពលើសពី៣០ថ្ងៃ នៃសេវា សាធារណៈវិស័យដឹកជញ្ជូនផ្លូវគោកដូចជា៖ លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូន, ការចុះបញ្ជីរថយន្តផ្លាកលេខ AT ឡើងវិញ, ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស គ្រប់ប្រភេទ និងអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត, បណ្ណបើកបរយានយន្ត វិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មបង្រៀនបើកបរយានយន្ត។
សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា សម្រាប់ការយឺតយ៉ាវលើសពី៣០ថ្ងៃ ឡើងនៅក្នុងការបន្តសុពលភាពបណ្ណ បើកបរ យានយន្ត និងរងការផាកពិន័យមួយថ្ងៃ៥០០រៀល, ការចុះបញ្ជីរថយន្តផ្លាកលេខ AT (នាំចូលក្រោមរបបគយ) ឡើងវិញ រងការផាកពិន័យមួយថ្ងៃ ២០០០រៀល, ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) សម្រាប់រថយន្តធុនតូច រងការផាកពិន័យមួយថ្ងៃ៥០០រៀល, ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) សម្រាប់រថយន្តធុនធំ រងការផាកពិន័យមួយថ្ងៃ ២០០០រៀល រួមទាំងមានសេវាផ្សេងៗមួយចំនួនទៀតផងដែរ៕