(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា លោក ផាក ហឹងយឹង បន្តជួយផ្សព្វផ្សាយពីបរិយាកាសវិនិយោគនៅកម្ពុជា និងទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។
លោករដ្ឋមន្ត្រី បានលើកឡើងថា ការបង្កើនវត្តមានអ្នកវិនិយោគកូរ៉េខាងត្បូងនៅកម្ពុជា មិនត្រឹមតែរួមចំណែកជួយដល់ការអភិវឌ្ឍរបស់កម្ពុជា និងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូងឱ្យកាន់តែរស់រវើកផងដែរ។
សំណើរបស់លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានធ្វើឡើងក្នុងពេលរូបលោកអនុញ្ញាតឱ្យលោក ផាក ហឹងយឹង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ។
ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានបញ្ជាក់អំពីសារៈសំខាន់ នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងកូរ៉េ ទាំងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម និងនយោបាយ ដែលជំរុញឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាបន្តបន្ទាប់ រហូតឈានដល់ការប្រកាសចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាព និងការវិវត្តស្ថានការណ៍នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)ផងដែរ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយអង្គការ WTO បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់សមាជិកជាប្រទេសកំពុងអភិវឌ្ឍ និងអភិវឌ្ឍន៍តិចតួច ដែលរួមមានកម្ពុជាផងដែរ ឱ្យទទួលបានភាពអនុគ្រោះពាណិជ្ជកម្ម និងប្រព្រឹត្តិកម្មពិសេស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយអង្គការ WTO ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលពាណិជ្ជកម្មពិភពលោក។
ក្នុងជំនួបនេះលោករដ្ឋមន្ត្រី បានស្នើសុំឱ្យឯកអគ្គរដ្ឋទូត ជួយផ្សព្វផ្សាយពីបរិយកាសវិនិយោគដ៏ល្អប្រសើររបស់កម្ពុជាទៅដល់វិស័យឯកជនកូរ៉េ ដើម្បីទាក់ទាញវិនិយោគិនបន្ថែម។ ជាពិសេសសម្រាប់វិស័យកែច្នៃកសិផល គ្រឿងបង្គុំអេឡិចត្រូនិក និងរថយន្ត ដើម្បីផ្សារភ្ជាប់ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់តំបន់និងពិភពលោក ក៏ដូចជាវិនិយោគលើវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាវិស័យដែលសាធារណរដ្ឋកូរ៉េមានសក្ដានុពលខ្ពស់។
សូមបញ្ជាក់ថា កូរ៉េខាងត្បូងជាដៃគូវិនិយោគ និងពាណិជ្ជកម្មធំមួយរបស់កម្ពុជា។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានកើនឡើងជាលំដាប់ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង មានជិត ៩លានដុល្លារអាមេរិក កើនឡើងជាង ១៤ភាគរយបើធៀបនឹងឆ្នាំ២០១៨។
ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជាទៅកូរ៉េខាងត្បូងរួមមាន៖ អាវយឺត សម្លៀកបំពាក់បុរស គ្រឿងអេឡិចត្រូនិក ស្បែកជើង វ៉ាលី កម្ទេចអាលុមមីញ៉ូម ភេសជ្ជៈ សម្ភារៈពេទ្យ (ចេសវះកាត់) តង់ និងកៅស៊ូធម្មជាតិ។ ដោយឡែកទំនិញនាំចូលពីកូរ៉េខាងត្បូងមកវិញរួមមាន៖ រថយន្តដឹកទំនិញ
ក្រណាត់ចាក់ ទឹករ៉ែធម្មជាតិ ភួយ គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ (ប៊ុលដូហ្សែ) បន្ទះឬសន្លឹកនីកែល ស្បែកពីសត្វចៀមកែច្នៃរួច ក្រណាត់ជ្រលក់ពណ៌ និងផលិតផលថែរក្សាសម្រស់៕