(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ប្រតិភូតំណាងក្រសួងការពារជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងសម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំប្រតិភូក្រសួងការពារជាតិអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាសពមហាឧបាសិកា មួង ហ៊ន មាតាបង្កើតនាយ ឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ និងនាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅគេហដ្ឋានលេខ២៣R សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត បានសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាពន់ពេកក្រោយពេលទទួលបានដំណឹងមរណភាព របស់មហាឧបាសិកា មួង ហ៊ន ដែលមាតាបង្កើតរបស់នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ។
នាយឧត្តមសេនីយ៍បានចាត់ទុកមរណភាពរបស់មហាឧបាសិកា មួង ហ៊ន ជាការបាត់បង់នូវមាតា មាតាក្មេក និងជាដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់។
ជាមួយនឹងការចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារបស់នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ហើយនោះ នាយឧត្តមសេនីយ៍ បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់មហាឧបាសិកា មួង ហ៊ន បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។
សូមបញ្ជាក់ថា មហាឧបាសិកា មួង ហ៊ន បានទទួលមរណភាពនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២១៖០៩នាទីយប់ ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។
សពរបស់មហាឧបាសិកា មួង ហ៊ន ត្រូវបានតម្កល់ធ្វើបុណ្យនៅផ្ទះលេខ ២៣R ផ្លូវលេខ ៣៦៨ សង្កាត់ច្រាំងចម្រះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សពនឹងត្រូវរំកិលចេញពីគេហដ្ឋាន ទៅកាន់វត្តអម្ពរវ័ន្ត ហៅវត្តព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីធ្វើពិធីបញ្ចុះសព តាមប្រពៃណីព្រះពុទ្ធសាសនា។
ពិធីបុណ្យគម្រប់ខួប៧ថ្ងៃ នឹងធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០៕