(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ លោក មាស មោរ៉ា ប្រធានសាខាស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប.) ខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រី ក.ប.ប ខេត្ត សហការជាមួយលោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនវានុវត្តន៍ខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត លោក អភិបាលរង និងអធិការរងស្រុកពញាក្រែក និងលោកមេឃុំកោងកាង ចុះប្រតិបត្តការរួមគ្នាត្រួតពិនិត្យទីតាំងផលិតគុយទាវសរសៃធំមួយកន្លែង ស្ថិតនៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក មាស មោរ៉ា ឲ្យដឹងថា តាមរយៈការត្រួតពិនិត្យ និងការធ្វើតេស្តលើគំរូសរសៃគុយទាវដែលមាននៅនឹងកន្លែង នៅចំពោះមុខម្ចាស់ផលិតផល មន្ត្រីជំនាញបានរកឃើញវត្តមានសារធាតុបូរ៉ាក់ (ទឹកអន្សារ) ដែលជាសារធាតុគីមីហាមឃាត់ដាក់ក្នុងម្ហូបអាហារ ព្រោះបង្កផលប៉ះពាល់សុខភាពអ្នកបរិភោគ។
ជាមួយគ្នានោះ មន្ត្រីជំនាញបានចាត់វិធានការដកហូតនូវវត្ថុតាងសារធាតុគីមីបូរ៉ាក់(ទឹកអន្សារ) ចំនួន ៤.៥០kg (បួនគីឡូក្រាមកន្លះ) និងផលិតផលបន្ទះគុយទាវចំនួន ១០គីឡូក្រាម។
លើសពីនេះ មន្ត្រីជំនាញបានធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពផលិតជាបណ្តោះអាសន្ន រហូតទាល់តែការផលិត ការកែច្នៃ ផលិតផលសរសៃគុយទាវគ្មានសារធាតុគីមីបូរ៉ាក់ ឬទឹកអន្សារ ៕