(ភ្នំពេញ)៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ រៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយ និងពន្យល់បន្ថែម ដល់សាធារណជនទូទៅ បានស្វែងយល់កាន់តែច្បាស់អំពីអភិក្រម, ក្របខណ្ឌ, ទស្សនាទាន និងវិធានការជាក់ស្តែងក្នុងការទ្រទ្រង់, ស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចចំនួន៤ជុំ ដែលរាជរដ្ឋាភិបាល បានដាក់ចេញក្នុងពេលកន្លងមក សំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក៏ដូចជាការដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីពេលថ្មីៗនេះ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩។
សន្និសីទសារព័ត៌មាននេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សន្និសីទសារព័ត៌មាននេះ ក៏មានវេទិកាសំណួរ-ចម្លើយ ចំពោះចម្ងល់ និងសំណួរផ្សេងៗ ពាក់ព័ន្ធនឹងប្រធានបទខាងលើនេះផងដែរ។
សូមជម្រាបថា ចាប់តាំងពីខែកុម្ភៈ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការទ្រទ្រង់ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន៤ជុំរួចមកហើយ។
នៅខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានចេញផ្សាយនូវរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចកម្ពុជាផងដែរ ក្នុងពេលជួបវិបត្តិកូវីដ១៩ថា សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២០ នឹងថយចុះដល់-១.៩% ដែលជាអត្រាមិនធ្លាប់មានកន្លងមក។ ប៉ុន្តែនៅឆ្នាំ២០២១ សេដ្ឋកិច្ចរបស់កម្ពុជា នឹងរើបឡើងវិញ ក្នុងអត្រាកំណើន៣.៥%៕