(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារទី០៧ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋមកពីសង្កាត់ចំនួន៣ រួមមាន៖ សង្កាត់ដង្កោ សង្កាត់ជើងឯក និងសង្កាត់ព្រៃស នៃខណ្ឌដង្កោ បានចូលរួមវេទិកាសាធារណៈ រួមជាមួយវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៣ នៅសាលប្រជុំសាលាខណ្ឌដង្កោ ក្រោមអធិបតីភាព លោក កែប ជុតិមា អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ និងលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ ព្រមទាំងមានការចូលរួមពីលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ព្រមទាំង លោក លោកស្រីក្នុងជួរក្រុមការងារ និងក្រុមប្រឹក្សាខណ្ឌ សរុបចំនួន ១៥១រូប ក្នុងនោះស្រី ២១រូប។
តាមរយៈអង្គវេទិកា សមាជិកចូលរួមបានលើកសំណើជាលាយលក្ខណ៍អក្សរ និងផ្ទាល់មាត់សរុបចំនួន ១៦សំណើ៖
១- វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ចំនួន២សំណើ។
២- វិស័យទឹកស្អាត ចំនួន២សំណើ។
៣- វិស័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន ចំនួន៩សំណើ។
៤- វិស័យកសិកម្ម ចំនួន១សំណើ។
៥- វិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ចំនួន១សំណើ។
៦- វិស័យអគ្គិសនី ចំនួន១សំណើ។
ជាមួយគ្នានេះ ក្រុមការងារបានធ្វើការឆ្លើយបំភ្លឺ បកស្រាយពីលទ្ធភាពដំណោះស្រាយតាមសំណើនីមួយៗ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆ្ពោះទៅរកផលប្រយោជន៍រួមក្នុងមូលដ្ឋាន៕