(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសថា រថយន្ត និងទំនិញគេចពន្ធ ដែលខ្លួនបានរឹបអូសនោះ នឹងត្រូវដាក់លក់ប្រសិនបើម្ចាស់មិនចូលខ្លួនដោះស្រាយទេនោះ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទុករយៈពេល៦០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ ឱ្យម្ចាស់រថយន្ត និងទំនិញគេចពន្ធចូលខ្លួនទៅដោះស្រាយ។
យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធ ដែលត្រូវបានបង្ក្រាប និងរក្សាទុកបណ្ដោះអាសន្ននោះ ចូលខ្លួនបំពេញកាតព្វកិច្ចពន្ធអាករ និងពិន័យតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ក្នុងសេចក្តីជូនដំណឹង ក៏បានបញ្ជាក់ដែរថា ចំពោះរថយន្តចង្កូតស្តាំវិញ ម្ចាស់រថយន្តត្រូវបំពេញលក្ខខណ្ឌចំនួនពីររួម៖
១. កក់ប្រាក់ចំនួន ៧០% នៃប្រាក់ពន្ធអាករ និងពិន័យដែលត្រូវបង់ និងយករថយន្តទៅកែចង្កូតពីស្តាំ មកឆ្វេងនៅយានដ្ឋានដែលទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច។
២. ក្នុងរយៈពេលមិនលើសពី ៣០ថ្ងៃ ម្ចាស់រថយន្តត្រូវយករថយន្ត ដែលបានកែចង្កូតរួចមកបង្ហាញ មន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ច និងបង់ប្រាក់ពន្ធអាករ និងពិន័យបន្ថែម ៣០% ទៀត ដើម្បីទទួលបានបង្កាន់ដៃពន្ធយានយន្តសម្រាប់ប្រើប្រាស់ក្នុងការចុះបញ្ជីយានយន្តស្របតាមច្បាប់និង បទប្បញ្ញត្តិជាធរមាន។
ក្នុងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា ក្នុងករណីម្ចាស់រថយន្ត និងទំនិញ ខកខានមិនបានចូលខ្លួនមកបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌ និងពេលវេលាដូចបានរៀបរាប់ខាងលើ និងអនុលោមតាមបញ្ញត្តិមាត្រា៥៤ និងមាត្រា៥៥ នៃច្បាប់ស្ដីពីគយទេនោះ យានយន្ត និងទំនិញទាំងនោះ នឹងត្រូវចាត់ទុកជាទំនិញគ្មានការទាមទារ ហើយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងប្រកាសដាក់លក់ដោយដេញថ្លៃជាសាធារណៈ តាមនីតិវិធីជាធរមាន ដើម្បីប្រមូលចំណូលចូលថវិកាជាតិ។
យោងតាមមន្ត្រីគយ បានឱ្យដឹងថា រថយន្តដែលត្រូវបានរឹបអូសទាំងចង្កូតឆ្វេង និងចង្កូតស្តាំមានចំនួន ៨៤៦គ្រឿង។ សម្រាប់ទំនិញវិញ មិនអាចបញ្ជាក់ពីចំនួនបាននោះទេ ដោយគ្រាន់តែអះអាងថាមានចំនួនច្រើនតោន៕