(ភ្នំពេញ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ ចេញមកបំភ្លឺករណីចោទប្រកាន់ថា មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកស្វាយទាប ខេត្ដស្វាយរៀង សង់របងបិទផ្លូវដើររបស់ប្រជាពលរដ្ឋនៅភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុកស្វាយទាប។
លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាននេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យស្រាវជ្រាវភ្លាមជាបន្ទាន់ ជាលទ្ធផលរកឃើញថា ព័ត៌មាននេះជារឿងចាស់ ដែលភាគីទាំងអស់បានដោះស្រាយបញ្ចប់ជាមួយគ្នារួចរាល់ តាំងពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះខ្លឹមសារអត្ថបទដែលបង្ហោះនោះ គឺម្ចាស់បានបង្ហោះតាំងពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩មកម្ល៉េះ ហើយពួកគាត់មិនបានបង្ហោះថ្មីទៀតឡើយ ពោលគ្រាន់តែអ្នកប្រើប្រាស់ Facebook ចេះតែចែកចាយបន្ដគ្នាឡើងវិញប៉ុណ្ណោះ។
បច្ចុប្បន្នផ្លូវដែលមានទំនាស់នោះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានជួយធ្វើផ្លូវថ្មីជូនប្រជាពលរដ្ឋ ដោយចាក់បេតុងលើផ្លូវចាស់ទំហំ ៣ម៉ែត្រ និងមានប្រវែង១២០ម៉ែត្រ ដែលគ្រោងនឹងចាប់ផ្ដើម សាងសង់នៅពាក់កណ្ដាល ខែកក្កដា ឆ្នាំ២០២០តែម្ដង។ ប្រជាពលរដ្ឋរស់នៅទីនោះ ក៏បានអបអរសាទរ និងថ្លែងអំណរគុណចំពោះការផ្ដល់ផ្លូវបេតុងមួយខ្សែនេះជូនពួកគាត់ផងដែរ៕