(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា គ្មានការលួចបើកលេងឡើងវិញនូវល្បែងជល់មាន់ និងអាប៉ោង នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ព្រោះកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបតាំងពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០មកម្ល៉េះ ដោយបានឃាត់ខ្លួនមនុស្សជាច្រើននាក់ផងដែរ។
ការចេញមកបកស្រាយរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ធ្វើឡើងបន្ទាប់ពីសារព័ត៌មានមួយចំនួន បានចុះផ្សាយថា មានករណីលួចបើកឡើងវិញ នូវសង្វៀនជល់មាន់ និងអាប៉ោង នៅសង្កាត់ស្ទឹងមានជ័យ។ ពាក់ព័ន្ធករណីនេះ ក្រុមប្រតិកម្មរហ័ស បានអះអាងថា នៅភូមិសាស្ត្រនេះមានដីឡូតិ៍ ទុកទំនេរចោលច្រើន ហើយស្ងាត់ដែលមានភាពងាយស្រួលដល់ក្រុមជល់មាន់ចល័ត ដែលតែងតែឆ្លៀតលួចលេងនៅតាមដីឡូតិ៍ទាំងនោះ ពីកន្លែងមួយទៅកន្លែងមួយ ប៉ុន្តែក្រោមការតាមដានជាប្រចាំរបស់សមត្ថកិច្ច តែងតែតាមរក និងបង្ក្រាបជានិច្ច។
ក្រោយឃើញការចុះផ្សាយនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ លោកវរសេនីយត្រី ឯម ភារី បានដឹកនាំកម្លាំងចុះមកដីឡូតិ៍ទុកចោលមួយកន្លែងនៅភូមិទ្រា៤ បានឃើញមានស្នាមដីឈូសឆាយ លួចឆ្មក់ជល់មាន់ តែពេលកម្លាំងទៅដល់មិនឃើញមានលេងទេ មិនមានអ្វីដូចជាការហ៊ុមព័ទ្ធលេងឡើយ គឺមានតែដីទទេ ប្រហែលជាក្រុមនេះទើបលួចឆ្មក់លេង។ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍តែងតែតាមដានជាប្រចាំ និងត្រៀមបង្ក្រាបជានិច្ច បើពិតជាមានករណីជល់មាន់មែននោះ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណៈជន អ្នកសារព័ត៌មាន ពិសេសបណ្ដាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែករក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរិះគន់ក្នុងន័យស្ថាបនា។
ស្នងដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់សាធារណៈជន អ្នកសារព័ត៌មាន និងបណ្ដាញសង្គម ចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲ្យមានភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមាន៕