(ស្ទឹងត្រែង)៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីរាជការក្រោមឱវាទនាំយកទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួនធំ ទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃ ក្នុងស្រុកសៀមបូក ចំនួន១៣វត្ត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមទីវត្តអារាមនានា។
ក្នុងឱកាសនាំយកទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្ឍកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួម ពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំង លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព មន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងពុទ្ធសាសនិកជនជាច្រើននាក់។
លោក ឈាង ឡាក់ ក៏បានបញ្ជាក់ថា ទៀនព្រះវស្សា និងទេយ្យវត្ថុដែលនាំមកប្រគេនព្រះសង្ឃនាពេលនេះ គឺសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមទីវត្តអារាមនានា ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ហើយក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែក ឋានទៅកាន់បរលោកខាងមុខនោះផងដែរ។
លោកបានបន្ថែមថា «យើងទាំងអស់គ្នាតែងតែគោរពប្រពៃណីសាសនាព្រះពុទ្ធ គឺព្រះសង្ឃក៏ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងទីវត្តអារាមនោះ ទើបថ្ងៃនេះត្រូវបានគណៈអភិបាលខេត្ត សប្បុរសជនក្នុងខេត្ត បាននាំយកនូវទេយ្យវត្ថុ ដើម្បីវេរប្រគេនដល់ព្រះសង្ឃ សម្រាប់យកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង»។
សូមបញ្ជាក់ថា សម្រាប់ទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគបរិភោគ ដែលបានវេរប្រគេនព្រះសង្ឃទាំង ១៣វត្ត ក្នុងស្រុកសៀមបូក ក្នុងនោះក្នុងមួយៗវត្ត លោក ឈាង ឡាក់ ប្រគេនបច្ច័យចំនួន ១៥០,០០០ រៀលបូករួម ទៀនព្រះវស្សាធំ១គូរ, ទឹកបរិសុទ្ធ ២កេស, អង្ករ ៥០គីឡូក្រាម, មី ២កេសតូច, ទឹកផ្លែឈើ ២កេស និងប្រគេនបច្ច័យចំពោះព្រះសង្ឃទាំង ៦៣អង្គ ក្នុងមួយអង្គៗទទួលបាន ២០,០០០រៀលផងដែរ៕