(ក្រចេះ)៖ លោក ហ៊ឹង ណារី វ៉ាថន ភរិយាអភិបាលខេត្តក្រចេះ និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំសមាជិកគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ ចាស់ជារា ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ ស្ត្រីមេម៉ាយ និងគ្រួសារមានជីវភាពខ្វះខាត សរុបចំនួន៦១ គ្រួសារ មកពីឃុំចំនួន៨ នៃស្រុកសំបូរ។
លោកស្រី ហ៊ឹង ណារី បានផ្តាំផ្ញើរបស់ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាព ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុល ជំនឿសាសនា ឫនិន្នាការនយោបាយណាមួយឡើយ។ ហើយកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនណាម្នាក់ចោល គឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
លោកស្រី បានគូសបញ្ជាក់ថា ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ នៅតែជាក្តីព្រួយបារម្ភរបស់ពិភពលោកទាំងមូល ប៉ុន្តែប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានសម្រេចនូវជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ដោយមិនឲ្យមានអ្នកស្លាប់ និងគ្រប់គ្រងមិនឲ្យមានការឆ្លងក្នុងសហគមន៍ តាមរយៈការដាក់ចេញនូវវិធានការច្បាស់លាស់ និងទប់ស្កាត់បានទាន់ពេលវេលា។
លោកស្រីក៏បានផ្តាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាពជាចម្បង ត្រូវមានអនាម័យស្អាតជានិច្ច ជាពិសេសបន្តចូលរួមអនុវត្តតាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់រលកទី២នៃការចម្លងវីរុសកូវីដ-១៩នៅកម្ពុជា។ លោកស្រីក៏ជំរុញប្រជាពលរដ្ឋទាំងអស់ បន្តខិតខំប្រឹងប្រែងប្រកបរបរបង្កបង្កើនផល ដើម្បីជីវភាពគ្រួសារ និងណែនាំកូនចៅឲ្យចេះ គោរពច្បាប់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន៕