(ត្បូងឃ្មុំ)៖ លោក ជា សុផារ៉ា បានលើកឡើងថា ក្រុមយុវជន និងយុវជនសមាជិកបក្សប្រជាជនទាំងអស់ ទោះបីស្រលាញ់យ៉ាងណា គាំទ្រគណបក្សយ៉ាងណា សំខាន់ត្រូវតែមានឈ្មោះក្នុងបញ្ជី បោះឆ្នោត មានសិទ្ធិបោះឆ្នោត ទើបអាចបោះឆ្នោតឲ្យគណបក្ស ដែលជាលក្ខខណ្ឌពេញលេញជាសមាជិកគណបក្ស។
លោកបញ្ជាក់ថា គណបក្សប្រជាជនខេត្តត្បូងឃ្មុំ យុវជនដែលបានកសាងចូលជាសមាជិកបក្សមានជាង ៨ពាន់នាក់ ក្នុងចំណោមសមាជិកសរុបប្រមាណ ៣៤ម៉ឺននាក់ ស្មើនឹង ៧៦% មានក្នុងបញ្ជីឈ្មោះបោះឆ្នោតក្នុងខេត្តត្បូងឃ្មុំ។
ដោយឡែក យុវជនដែលមិនទាន់មានឈ្មោះបោះឆ្នោត ភាគច្រើនដោយសារការចំណាកស្រុកនោះ លោក ជា សុផារ៉ា បានណែនាំឲ្យក្រុមការងារគណបក្សខេត្ត គណបក្សឃុំ មេភូមិ ត្រូវពិនិត្យមើល ជំរុញបង្កលក្ខណៈគ្រប់បែបយ៉ាង ឲ្យយុវជនទាំងអស់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ព្រោះថា នៅពេលខ្លីខាងមុខនេះឈានដល់ពេលវេលាដ៏សំខាន់ពោលគឺឆ្នាំ២០២២ ការបោះឆ្នោតឃុំសង្កាត់ និង២០២៣ ការបោះឆ្នោតថ្នាក់ជាតិ។
លោក ជា សុផារ៉ា បានបញ្ជាក់បន្ថែមថា ជាមួយការយកចិត្តទុកដាក់ទៅលើយុវជនក្តី តែយើងនៅតែបន្តមើលថែរក្សាយកចិត្តទុកដាក់ គ្រប់សមាជិកបក្សទាំងអស់ មិនថាថ្មីឫចាស់ក្តី ពោលគឺ (កសាងថ្មី រក្សាចាស់) ដើម្បីរួមគ្នាស្រលាញ់គាំទ្រ ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជន ឈ្នះឆ្នោតដ៍ច្រើនលើសលប់នាពេលខាងមុខ។
លោក ជា សុផារ៉ា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជំរុញណែនាំលើកឡើងបែបនេះ ក្នុងឱកាសតំណាងសម្តេចមហាពញាចក្រី ហេង សំរិន ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆមាសទី១ និងទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២០ របស់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ នៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។
ជាមួយគ្នានោះ លោក ជា សុផារ៉ា បានកោតសរសើរ ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងសមាជិកបក្សទូទាំងខេត្តត្បូងឃ្មុំសម្រេចបាន ទាំងការដោះស្រាយបញ្ហា បំពេញតម្រូវការ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរៀងៗខ្លួន ដែលជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសដើម្បីប្រមូលយកសមាណចិត្តប្រជាពលរដ្ឋ បោះឆ្នោតដោយក្តីស្រលាញ់ពេញចិត្ត ពេញថ្លើមជូនគណបក្សប្រជាជន។
បន្ទាប់ពីកិច្ចប្រជុំនោះ លោក ជា សុផារ៉ា បានដឹកនាំសមាជិកគណបក្ស ចុះធ្វើការដាំកូនឈើប្រណិតចំនួន១៧០០ដើម នៅលើទីទួលសុវត្ថិភាពទំហំ១៤ហិចតា ក្នុងឃុំជីរោទ៍ ស្រុកត្បូងឃ្មុំ ទុកជាប្រយោជន៍សម្រាប់ពលរដ្ឋដែលមកស្នាក់នៅបណ្តោះអាសន្ននៅទីនេះ ក្នុងគ្រាដែលទឹកជំនន់ជន់លិចភូមិដ្ឋាន៕