(ពោធិ៍សាត់)៖ យុវជនប្រុសស្រី២នាក់ ត្រូវបានទឹកហូរគួចយកទៅបាត់ យុវជនម្នាក់ត្រូវបានរកឃើញ និងនារីម្នាក់ទៀតត្រូវបាត់បង់ជីវិត ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០២៖៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ ខណៈដែលមកលេងកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពពីសមត្ថកិច្ច ដែលមើលថែរក្សាសុវត្ថិភាពភ្ញៀវនៅតំបន់នោះ បានឱ្យដឹងថា មុខពេលកើតហេតុ មេឃនៅតំបន់នោះស្រទំ ដោយនៅទីនោះសម្បូរទៅដោយជ្រលងដងអូរ មួយរំពេចទឹកក៏ឡើងជន់មកភ្លាមៗតែម្តង។ ខណៈនោះមាននារីម្នាក់ឈ្មោះ នូ រ៉ានាត អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កំពង់តែថតសែលហ្វី នៅកណ្តាលទីតាំងកើតហេតុ។ ហើយនៅក្បែរនោះ មានបុរស២នាក់ កំពុងតែហូបបាយ ស្រាប់តែឃើញទឹកហូរគួចខ្លាំង ក៏នាំគ្នាហត់ទៅជួយចាប់បានដៃម្ខាងជាប់នឹងខ្សែពួរ រីឯដៃម្ខាងទៀតចាប់ជាប់អាវនារីរងគ្រោះ។ ដោយសារទឹកហូរខ្លាំងពេក ក្នុងចំណោមបុរស២នាក់នោះ ម្នាក់បានរួចផុត និងម្នាក់ទៀតបានរបួតដៃធ្លាក់ទៅក្រោម ជ្រោះជាមួយនារីរងគ្រោះតែម្តង។
ប្រភពដដែលបានបន្តថា ក្រោយមកសមត្ថកិច្ច និងប្រជាពលរដ្ឋ បានចុះជួយអន្តរាគមន៍រុករក ភ្លាមនោះសង្គ្រោះបានបុរសម្នាក់ រួចផុតពីគ្រោះថ្នាក់ ដោយគ្រាន់តែរងរបួសស្រុញក្បាលជង្គង់ខាងឆ្វេង និងចង្កេះ និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ ដោយឡែកនារីរងគ្រោះ បានបាត់ខ្លួនរកមិនឃើញ លុះព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ទើបសមត្ថកិច្ចរុករក និងប្រទះឃើញនៅគន្លៀតថ្ម បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារ ដឹកជញ្ជូនយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕