(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិក មិនគួរមានការរង្កៀសចិត្តនោះឡើយពេលឃើញកម្ពុជាស្និទ្ធជាមួយប្រទេសចិន ហើយងៀកមកជួយគាំទ្រការអភិវឌ្ឍកម្ពុជា ដើម្បីមានឥទ្ធិពលលើទំនាក់ទំនងជាមួយកម្ពុជា។
លោក គិន ភា បានថ្លែងបែបនេះក្នុងវេទិកាវិទ្យាសាស្ត្រស្តីពី «ទំនាក់ទំនងកម្ពុជា-អាមេរិក» ក្នុងរយៈពេល៧០ឆ្នាំ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០នេះ។ លោកបណ្ឌិត គិន ភា បានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងអាមេរិក ហាក់បីដូចជាមានការចងភ្ជាប់ ជាមួយទំនាក់ទំនងចិន។ លោកបានលើកឡើងថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ១៩៥៨ ពេលកម្ពុជាចាប់ផ្តើមទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ពេលនោះគេឃើញហេតុការណ៍កើតឡើង ហាក់ដូចជារង្កៀសចិត្តគ្នា រវាងកម្ពុជា និងអាមេរិក។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរូបនេះបន្ថែមថា ក្រោយៗមកទៀត ជាពិសេសដំណាក់កាលនៃទំនាក់ទំនងកម្ពុជា ជាមួយចិននាសហសម័យនេះ គេមើលឃើញទៀតថា ពេលដែលកម្ពុជាកាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយចិន កម្ពុជាហាក់ដូចជាមានបញ្ហាខ្លះ មិនយល់គ្នាជាមួយអាមេរិក។
លោករំលេចថា «ជាជំហរនយោបាយការបរទេសរបស់កម្ពុជា គឺមិនដែលចាត់ទុកប្រទេសណាមួយជាសត្រូវទេ ក៏ប៉ុន្តែគ្រប់បរទេសមិនអាចរុញកម្ពុជាឲ្យទល់ជញ្ជាំងដែរ ពីព្រោះថាកម្ពុជានៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ប្រកាន់យកគោលនយោបាយអព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ»។
លោកបណ្ឌិត គិន ភា បន្ថែមថា៖ «យើងពង្រីកចំណងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយគ្រប់ប្រទេស ទាំងក្នុងក្របខណ្ឌតំបន់ និងទូទាំងពិភពលោក។ ដូច្នេះគ្មានហេតុផលអ្វី ដែលគ្រាន់តែកម្ពុជា មានទំនាក់ទំនងល្អជាមួយចិន ហើយមិនអាចមានទំនាក់ទំនងល្អជាមួយអាមេរិក ឬមិនអាចមានទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសផ្សេងទៀតទេ។ ជាគោលនយោបាយ ជាការអនុវត្តជាក់ស្តែង កម្ពុជាបាននិងធ្វើពពិធកម្មនៃចំណងការបរទេសរបស់ខ្លួន ជាមួយបណ្តាប្រទេសទាំងអស់ ទាំងក្នុងតំបន់ និងពិភពលោក ដូច្នេះវាទាមទារឲ្យមានការយល់គ្នា»។
លោក គិន ភា បានបញ្ជាក់ថា កម្ពុជាមានភាពចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្តប្រទេសទាំងអស់ក្នុងលោក។ ដូច្នេះបរទេសទាំងឡាយ មិនគួរមានការរង្កៀសចិត្ត ដោយគ្រាន់តែកម្ពុជាមានទំនាក់ទំនងល្អជាប្រទេសណាមួយនោះទេ។
លោកបណ្ឌិត គិន ភា ប្រាប់បរទេសទៀតថា ប្រសិនបើពួកគេយល់ថា ភាពចាំបាច់នៃទំនាក់ទំនងកើតចេញពីការវិនិយោគ និងការអភិវឌ្ឍពួកគេគួរតែសម្លឹងមកកម្ពុជាថា ជួយអ្វីបានខ្លះ ព្រោះកម្ពុជាកំពុងត្រូវការការជួយពីសហគមន៍អន្តរជាតិលើគ្រប់វិស័យ៕