(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត ប្រាប់លោក លោកស្រីជាមេឃុំ ត្រូវបម្រើប្រជាពលរដ្ឋ ឲ្យមានគុណភាព និងត្រូវអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះពិតប្រាកដ។ ការលើកឡើងរបស់ លោក ជាវ តាយ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីបង្គោលគណបក្សប្រជាជនកម្ពុជា នៅស្រុកបន្ទាយមាស នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។
ជំនួបសំណេះសំណាលនាពេលនេះ ក្នុងគោលបំណង ចង់បានស្វែងយល់ពីសភាពការណ៍មួយចំនួន សំណូមពរ និងបញ្ហាប្រឈមដែលកើតមានឡើង នៅស្រុកបន្ទាយមាស សំដៅអនុវត្តឲ្យបានជោគជ័យ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក ជាវ តាយ បានជម្រាបប្រាប់លោក លោកស្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនឃុំ ចូលរួមមតិយោបល់ អំពីសំណូមពរ និងបញ្ហាប្រឈម ដែលកើតមានឡើងនៅតាមមូលដ្ឋានឃុំរៀងៗខ្លួន។ លោកក៏បានប្រាប់ពីសភាពការណ៍ថ្មីៗ ពិសេសផលប៉ះពាល់ នៃជំងឺកូវីដ-១៩ផងដែរ។
លោកក៏បានសំណូមពរ ដល់សមាជិក សមាជិកាទាំងអស់ បន្តផ្សព្វផ្សាយពីវិធានការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយត្រូវមានការយកចិត្តទុកដាក់ ក្នុងការបង្ការ និងទប់ស្កាត់ចំពោះជំងឺនេះ ទោះបីប្រទេសកម្ពុជា មានអ្នកជាសះស្បើយស្ទើរទាំងស្រុងក៏ដោយ។ បន្ថែមពីនេះ ត្រូវបន្តណែនាំទៅកាន់សមាជិក សមាជិកាទាំងអស់ ក្នុងនាមអាជ្ញាធរដូលដ្ឋានត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ អនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានប្រៀបឈ្នះ នៅឆ្នាំ២០២២ និង២០២៣៕