(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋមួយក្រុមមានគ្នាបួននាក់បានចេញពីស្រុកកំណើតនៅខេត្តពោធិ៍សាត់ បំណងឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែនៅពេលទៅដល់ព្រំដែន បែរជាត្រូវជនមិនស្គាល់មុខបោកយកលុយអស់ ៨,០០០បាត ហើយរត់គេចខ្លួន សំណាងហើយបានសមត្ថកិច្ចប្រចាំនៅព្រំដែនជួយយកអាសាឧបត្ថម្ភបាយទឹក និងថវិកាគ្រាន់ធ្វើដំណើរត្រលប់មកផ្ទះវិញ។

មន្ត្រីប៉ុស្តិ៍នគរបាលប៉ោយប៉ែតបានឱ្យដឹងថា រឿងហេតុនេះបានកើតឡើងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្រោមស្ពានមិត្តភាពកម្ពុជា-ថៃ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះទាំងនោះរួមមាន៖
១៖ តន ស្រីម៉ៅ ភេទស្រី អាយុ៣០ឆ្នាំ
២៖ កែវ ចិន្តា ភេទស្រី អាយុ៤០ឆ្នាំ
៣៖ ប៊ុន ចាន់រិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ
៤៖ លី សាំងវ៉ាន់ ភេទស្រី អាយុ៨ឆ្នាំ ដោយអ្នកទាំងបួនមានស្រុកកំណើតនៅខេត្តពោធិ៍សាត់។

តាមការបំភ្លឺរបស់ជនរងគ្រោះ មុនពេលជួបរឿងមិនគប្បីនេះ ពួកគាត់បានធ្វើដំណើរពីខេត្តពោធិ៍សាត់ ក្នុងគោលបំណងចេញទៅរកការងារធ្វើនៅប្រទេសថៃ។ លុះមកដល់ចំណុចរង្វង់មូលប៉ោយប៉ែត ក៏បានជួបនឹងជនមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ដោយបានបបួលពួកគាត់ឆ្លងដែនតាមផ្លូវកាត់ ដោយគិតសេវាក្នុងម្នាក់ ៣,០០០បាត ពួកគាត់ក៏យល់ព្រមទៅជាមួយ។ នៅពេលឆ្លងទៅដល់មាត់អូរខាងទឹកដីថៃ ជននោះក៏ទុកពួកគាត់ចោល ហើយយកប្រាក់អស់ចំនួន ៨,០០០បាត រត់គេចខ្លួនបាត់។

ក្រោយកើតហេតុ កម្លាំងផ្នែកត្រួតពិនិត្យចល័តបានចុះអន្តរាគមន៍ និងនាំជនរងគ្រោះមកអង្គភាព ដើម្បីអប់រំណែនាំ និងផ្ដល់អាហារជូនពួកគេបរិភោគ ព្រមទាំងបានឧបត្ថម្ភប្រាក់ចំនួន ១,០០០បាត ដល់ពួកគាត់ដើម្បីធ្វើជាសោហុយត្រលប់មកលំនៅដ្ឋានឯខេត្តពោធិ៍សាត់វិញ។

ចំណែកជនសង្ស័យដែលរត់គេចខ្លួននោះ កម្លាំងនគរបាលប៉ុស្តិ៍កំពុងតាមដានរកមុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕