(កំពង់ស្ពឺ)៖ ក្នុងឱកាស នៃការចូលមកដល់នៃពិធីបុណ្យចូលព្រះវស្សា តាមលំអានប្រពៃណីព្រះពុទ្ធសាសនា លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទានរួមមាន អង្ករ ទឹកត្រីទឹកស៊ីអ៊ីវ តែ ស្ករ ភេសជ្ជៈផ្សេងៗ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាមកពីវត្តចំនួន៦ ក្នុងឃុំផុង ឃុំកាត់ភ្លុក ឃុំព្រះខែ ឃុំបសេដ្ឋ និងឃុំពោធិចំរើន នៃស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្នុងពិធីនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ក៏មានការចូលរួមពីតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺទាំងអស់ដែលមាន លោក សំ រិទ្ធី, លោក អ៊ូ សំអួន, លោក សុខ ប៊ន, លោក សត្យា វុធ និងលោក តុង សេង ព្រមជាមួយសហការី អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើនទៀតផងដែរ។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់លោកយាយ លោកតា អ៊ុពូមីងបងប្អូន ដែលបានចូលរួមចាប់មគ្គផលចូលរួមក្នុងពិធីបុណ្យព្រឹកនេះ និងសូមឧទ្ទិសបុណ្យកុសលដែលកើតចេញអំពី ការធ្វើសង្ឃទានជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺទាំងអស់គ្នា៕