(កំពង់ចាម)៖ ក្រុមការងារជនបង្កោល យុវជនក្រុម៨ ដឹកនាំដោយលោកបណ្ឌិត ម៉ឹង មករា បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៥០គ្រួសារ នៅក្នុងឃុំទាំង១០ ស្រុកជើងព្រៃ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នំា២០២០នេះ។

យុវជនក្រុម៨ ជាក្រុមការងារយុវជនមួយដ៏សំខាន់ ក្នុងការចូលរួមចុះជួយប្រជាពលរដ្ឋ ក្នុងឃុំទាំង១០ នៃស្រុកជើងព្រៃ បានបន្ដបំពេញកាតព្វកិច្ចការងារបម្រើប្រជាជន ជាពិសេសបង្កើតឱកាសការងារ លើកកម្ពស់ជីវភាពគ្រួសារនីមួយៗឱ្យកាន់តែមានភាពល្អប្រសើរឡើង។

ជាក់ស្ដែងនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នំា២០២០នេះ ក្រុមការងារបាននាំយកនូវសម្ភារៈមួយចំនួនជូនពលរដ្ឋក្រីក្រចំនួន ៥០គ្រួសារក្នុងនោះមានគ្រួសារយោធិនពិការ និងមនុស្សចាស់ ពិការ ដោយមួយគ្រួសារទទួលបាន៖ សារ៉ុង១ ក្រមា១ មុង១ ភួយ១ កន្ទេល១ មីជាតិ១កេស ទឹកស៊ីអ៊ីវ១យូរ ទឹកត្រី១យួរ ត្រីខ១យួរ ស្ករស១គីឡូ ប៊ីចេង កន្លះគីឡូ អំបិល១គីឡូ អង្ករ២០គីឡូ ចៅហ៊ួយ១ធុង និងសាប៊ូលាងដៃ៥ដុំ ក្នុងចំណោមនោះ ក៏មានជនពិការម្នាក់ ទទួលបានម៉ាសុីនដេរ១គ្រឿងបន្ថែមទៀតផងដែរ ដើម្បីងាយស្រួលប្រកបរបរចិញ្ចឹមគ្រួសារ។

បន្តមកលោកបណ្ឌិត ម៉ឹង មករា និងក្រុមការងារបានប្រគេនបច្ច័យសម្រាប់វត្តស្រម៉ចំនួន២លានរៀល និងបានទៅប្រគេនទៀនវស្សានិងបច្ច័យ២លានរៀលនៅវត្តផ្តៅជុំ នឹងចុះពិនិត្យសមិទ្ធិផលការងារនានា ដែលបានធ្វើកន្លងមក ព្រមទាំងការកសាងផ្លូវថ្មីជូនប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរ និងដឹកកសិផលផ្សេងៗ រួមទាំងចុះស្វែងយល់ពីផលលំបាក និងតម្រូវការរបស់ពលរដ្ឋបន្ថែមទៀត ក្នុងអំឡុងជួបវិបត្ដិដោយជំងឺកូវីដ១៩។

សូមជម្រាបថា ដើម្បីបន្ដការអភិវឌ្ឍភូមិឃុំឱ្យកាន់តែស្រស់ស្អាត ក៏ដូចជាការផ្ដល់នូវភាពងាយស្រួលជូនប្រជាពលរដ្ឋ កន្លងមកយុវជនក្រុម៨ បានចូលរួមជួសជុលផ្លូវលំក្រាលគ្រួសក្រហមបានចំនួន១៥ផ្លូវក្នុងស្រុកជើងព្រៃ ព្រមទាំងបានដាំដើមក្ងោក អមតាមសងខាងផ្លូវ ដើម្បីចូលរួមការពារ និងលើកកម្ពស់សោភណ្ឌភាពបរិស្ថាន រួមទាំងបំផុសនូវការស្រលាញ់ធម្មជាតិដល់ពលរដ្ឋផងដែរ។

លើសពីនេះយុវជនក្រុម៨ ដែលដឹកនាំដោយ លោកបណ្ឌិត ម៉ឹង មករា តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត គឺបានបំពេញតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ជាបន្ដបន្ទាប់ មិនថាផ្លូវថ្នល់ ជីកស្តារប្រឡាយ ដើម្បីផ្គត់ផ្គង់ទឹកដល់ដំណាំស្រូវ និងបង្កើតកម្មវិធីសិក្ខាសាលាស្តីពីវិធីធ្វើថ្នាំការពារដំណាំ បង្រៀនពីរបៀបធ្វើវ៉ាក់សាំងសត្វជូនដល់ប្រជាពលរដ្ឋ និងជួយសម្រាលការលំបាករបស់ពលរដ្ឋពេលជួបនូវគ្រោះមហន្ដរាយនានា ដូចជាការរងគ្រោះដោយអគ្គីភ័យ និងខ្យល់កន្ដ្រាក់នានា។

យុវជនក្រុម៨ បានជួយបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការជួយរកអាហាររូបករណ៍បញ្ជូនទៅសិក្សាថ្នាក់បរិញ្ញាប័ត្រទាំងក្នុងនិងក្រៅប្រទេស។ យុវជនក្រុម៨ ក៍បានចូលរួមដឹកនាំក្រុមគ្រូពេទ្យស្ម័គចិត្តរបស់សម្តេចតេជោ ចុះពិនិត្យព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃដល់ភូមិស្រុកផងដែរ សកម្មភាពនិងសមិទ្ធិផលដែលក្រុមយុវជនបានធ្វើទាំងអស់នេះជាការចូលរួមជួយជំរុញនូវជាវិស័យសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋានស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលដើម្បីចូលរួមអភិវឌ្ឍន៍ភូមិ ឃុំ ស្រុកនៅក្នុងប្រទេសកម្ពុជាយើង។

ក្នុងឱកាសចុះសួរសុខទុក្ខ និងចែកអំណោយនេះដែរ លោកបណ្ឌិត ម៉ឹង មករា បានថ្លែងថា យុវជនក្រុម៨ គឺជឿរជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រន់វិស័យ ដែលបានផ្ដល់ឱកាសដល់យុវជនជំនានក្រោយក្នុងការចូលរួមកសាងនិងអភិវឌ្ឍប្រទេសរបស់ខ្លួន៕