(ភ្នំពេញ)៖ ដូចអ្វី ដែលបានព្រមព្រៀងជាមួយសាលារាជធានីភ្នំពេញ លោក ជា មុនី រួមនិងកម្មករ កម្មការិនី មន្រ្តីអង្គការសង្គមស៊ី វិលជាង ១០០នាក់ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ បានជួបជុំគ្នាសួនច្បារមុខវត្តលង្ការ កន្លែងតម្កល់រូបសំណាកលោក ជា វិជ្ជា ដើម្បីដាក់កម្រងផ្កា និង គោរពវិញ្ញាណក្ខន្ធ។

នៅក្នុងពិធីជួបជុំគោរពវិញ្ញាណក្ខន្ធនាព្រឹកនេះ ក៏មានការចូលរួមពីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ហូរ វណ្ណ លោក យឹម សុវណ្ណ និងលោក ជា ប៉ូច ផងដែរ។

យោងតាមកិច្ចពិភាក្សាកាលពីថ្ងៃទី១៩ ខែមករា សាលារាជធានីភ្នំពេញ បានហាមមិនឲ្យមានការតិះដៀលទៅលើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ឬ ក៏ថ្លែងសារនយោបាយ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នេះឡើយ។

លោក ជា វិជ្ជា ត្រូវបានឃាតកមិនស្គាល់មុខ បាញ់ប្រហារដេកដួលស្លាប់ក្នុងថ្លុកឈាម កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ពេលលោកកំពុងអានកាសែត នៅមុខតូបលក់កាសែត ជាប់របងវត្តលង្ការ។

មកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ការបាញ់សម្លាប់លោក ជា វិជ្ជា មានរយៈពេល ១២ឆ្នាំហើយ តែឃាតក និង អ្នកពាក់ព័ន្ធក្នុងអំពើឃាតកម្មនេះ មិនទាន់ត្រូវបានវែកមុខនៅឡើយទេ។ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើឃាតកម្ម សម្លាប់លោក ជា វិជ្ជា និង មេសហជីពពីររូបផ្សេងទៀត គឺលោក ហ៊ី វុទ្ធី និង លោក រស់ សុវណ្ណារ៉េត។

គណៈកម្មការស៊ើបអង្កេតនេះ មានលោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន។ មកដល់បច្ចុប្បន្នគណៈកម្មការមួយនេះ មានអាយុជាង ៥ខែហើយ តែហាក់មិនទាន់មានពន្លឺ នៃការស៊ើបអង្កេតនៅឡើយនោះទេ។

នៅក្នុងពិធីជួបជុំនាព្រឹកនេះ ក្រៅពីការថ្លែងសាររំលឹកពីវីរភាពលោក ជា វិជ្ជា ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុសិទ្ធិសេរីភាព និងប្រាក់ខែរបស់កម្មករ កម្មការិនីហើយនោះ  លោក ជា មុនី ជាប្អូនប្រុស ក៏បានទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ចតាមវែកមុខ ឃាតក និងអ្នកនៅពីក្រោយខ្នង មកផ្តន្ទាទោសផងដែរ ដើម្បីផ្តល់នូវយុត្តិជូនជនរងគ្រោះ និងក្រុមគ្រួសារ ដែលបានទន្ទឹងរង់ចាំអស់រយៈពេល ១២ឆ្នាំមកហើយ៕