(ភ្នំពេញ)៖ មេខ្ទីងមួយក្បាល បានបង្កើតកូនខ្ទីងឈ្មោលចំនួន១ក្បាល បានដោយជោគជ័យ នៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។ នេះបើតាមរដ្ឋបាលព្រៃឈើ ចុះផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
មេខ្ទីងខាងលើនេះ ត្រូវបានសង្គ្រោះមកពីខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០០៦ ដោយកាលនោះ វាទើបតែមានអាយុប្រហែល ៣ខែប៉ុណ្ណោះ។ ក្រោយពីទទួលបានការចិញ្ចឹម ថែរក្សាយ៉ាងយកចិត្តទុកដាក់ ក្នុងឧទ្យាន សួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ វាកាន់តែរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ និងមានសុខភាពល្អ។
គូសបញ្ជាក់ផងដែរថា មកទល់ឆ្នាំ២០២០នេះ មេខ្ទីងនេះ បង្កើតកូនបានចំនួន៣លើកហើយ ដោយបង្កើតបានកូនខ្ទីងចំនួន៣ក្បាល ដោយកូនលើកទីមួយញី កើតក្នុងឆ្នាំ២០១៦ កូនលើកទីពីរឈ្មោល កើតក្នុងឆ្នាំ២០១៨ ហើយនេះជាកូនលើកទីបី បង្កើតបានកូនខ្ទីងឈ្មោល (ឆ្នាំ២០២០)។
ទាំងនេះ ជាសញ្ញាជោគជ័យមួយទៀតរបស់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ក្នុងកម្មវិធីបង្កាត់ពូជសត្វព្រៃ និងចូលរួមចំណែក ក្នុងការអភិរក្សសត្វខ្ទីង នៅកម្ពុជា។
កូនខ្ទីងឈ្មោល ដែលទើបនឹងកើតនេះ កំពុងស្ថិតក្រោមការតាមដាន យ៉ាងយកចិត្តទុកដាក់ពីបសុពេទ្យ និងអ្នកថែរក្សាសត្វព្រៃ ក្នុងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌល សង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។
បច្ចុប្បន្ន សត្វខ្ទីងស្ថិតក្នុងក្រុមប្រភេទសត្វមានដោយកម្រ និងមានដង់ស៊ីតេរស់នៅកម្រិតទាប។ គេកម្រឃើញវារស់នៅតាមវាលទំនាបណាស់ ព្រោះសត្វនេះ មិនចូលចិត្តកម្តៅថ្ងៃយូរពេកទេ។
សត្វខ្ទីង កំពុងប្រឈមមុខនឹងការរងគ្រោះថ្នាក់ ដោយសារការបាត់បង់ទីជម្រក ការបរបាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរ។ សត្វខ្ទីង ត្រូវបានចុះក្នុងបញ្ជី ក្រហម IUCN (VU) ថាជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល ក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស៕