(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានលើកឡើងថា កងទ័ពមួកខៀវកម្ពុជា ដែលបានបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសដែលហួងហែងដោយសារតែភ្លើងសង្គ្រាម ទទួលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង UN ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ-១៩។
ការបញ្ជាក់បែបនេះ របស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោយយបញ្ចប់ពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការ សពឧត្តមសេនីយ៍ទោ ស សាវី ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅក្នុងតំបន់បំពេញបេសកកម្ម ក្នុងប្រទេសម៉ាលី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។
ពិធីគោរពវិញ្ញាណក្ខន្ធសពនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានវត្តមានប្រតិភូតំណាងស្ថាប័នកំពូលៗរបស់ជាតិ តំណាងស្ថានទូត សេនានុព័ន្ធ និងអនុព័ន្ធយោធា ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា បានមកចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយគ្រួសារសព នៅវិទ្យាស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងយ៉ាងដូច្នេះថា «សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់តាំងពីចាប់ផ្តើមបញ្ជូនកងទ័ព សុខទុក្ខកងទ័ព ហើយថ្ងៃពលីជីវិតសម្តេចបានតាមដានព័ត៌មានជាបន្តបន្ទាប់ រហូតសម្តេចបានផ្តល់អំណោយជាច្រើន ជាក់ស្តែងថ្ងៃនេះ ជាតឹកតាងដ៏ធំធេងមានតម្លៃ មិនអាចកាត់ថ្លៃបានសម្តេចបានផ្តល់ថវិកា ៥ម៉ឺនដុល្លារ ជូនក្រុមគ្រួសារសពឧត្តមសេនីយ៍ទោ ស សាវី និង២០លានរៀល សម្រាប់ចាត់ចែងធ្វើបុណ្យ»។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានក្រឿនរំឮកដល់នាយទាហានទាំងអស់ ដែលចេញទៅបំពេញបេសកកម្ម និងកំពុងបំពេញបេសកកម្មមនុស្សធម៌ នៅក្រៅប្រទេសទាំងអស់ សូមថែទាំងសុខភាព អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ការណែនាំរបស់មន្ត្រីអង្គការសហប្រជាជាតិ នៅក្នុងតំបន់បំពេញបេសកកម្មរបស់ខ្លួន និងតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងក្រសួងការពារជាតិ ពីវិធានការការពារ ទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩។
នាយឧត្តមសេនីយ៍ បានបន្តថា ការបាត់បង់លោកឧត្តមសេនីយ៍ទោ ស សាវី គឺជាការសោកស្តាយមួយរបស់កងទ័ពមួកខៀវកម្ពុជា ក៏ដូចជានាយទាហាន នាយទាហានរងទាំងមូលរបស់កងយោធពលខេមរភូមិន្ទ ហើយនេះជាការបាត់បង់នាយទាហានជាន់ខ្ពស់ លើកដំបូងរបស់កម្ពុជា ក្នុងដំណើរបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រ អង្គការសហប្រជាជាតិ រយៈពេលជាង១០ឆ្នាំមកនេះ។ ទោះបីលោកបាត់បង់ជីវិត ក៏ពិតមែន ប៉ុន្តែយុទ្ធមិត្តរូបនេះ បានបន្សល់ទុកស្នាដៃជាច្រើន ក្នុងកិច្ចការស្វែងរកសុខសន្តិភាព ជូនប្រជាជនរបស់ប្រទេសម៉ាលី ដែលកំពុងតែរាំងជុលដោយសារតែភ្លើងសង្គ្រាមស៊ីវិល។
គួរកត់សម្គាល់ថា កងកម្លាំងមួកខៀវកម្ពុជាចំនួន០៩នាក់ បានឆ្លងជំងឺកូវីដ-១៩ នៅក្នុងតំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី បានជាសះស្បើយ១០០ភាគរយ នឹងវិលត្រឡប់ទៅបំពេញភារកិច្ចជាធម្មតា។ រីឯកងកម្លាំងមួកខៀវ ចំនួន៨០នាក់ ដែលវិលត្រឡប់មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថ្មីៗនេះ តែត្រូវអនុវត្តតាមវិធានសុខាភិបាល ចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
បច្ចុប្បន្ននេះកម្ពុជាមានកងកម្លាំងទ័ពមួកខៀវជិត ៣០០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ហើយកងកម្លាំងជិត ៣០០នាក់នោះ គឺបានបែងចែកគ្នា ទៅបំពេញបេសកកម្មចំនួន៦ តំបន់ផ្សេងៗគ្នារួមមាន៖ តំបន់បាម៉ាកូម្នាក់, តំបន់គីដាល់ ៨២នាក់, តំបន់ទេសាលីត ៧២នាក់, តំបន់ហ្កាវ ១០៥នាក់, តំបន់ទុំបុកទូ ២១នាក់ និងតំបន់ម៉ប់ទី ១៨នាក់។
គួរជម្រាបថា កាលពីអំឡុងដើមខែមេសា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិកម្ពុជា បានបញ្ជូនសម្ភារការពារមេរោគឆ្លង COVID-19 រួមមាន៖ ម៉ាស់ ទឹកអាល់កុល និងជែលលាងដៃ ដែលចំណាយថវិកាជាង ២ម៉ឺន ៥ពាន់ដុល្លារ ព្រមទាំងបានផ្តល់អាវពាក់ការពារ មេរោគឆ្លងប្រមាណជិត ៨០កំប្លេ ចំណាយថវិកាអស់ប្រមាណ១៤,០០០ដុល្លារ។ បន្ថែមពីលើជំនួយពីអង្គការសហប្រជាជាតិ ផ្តល់ជូនកងទ័ពមួកខៀវ កម្ពុជាកំពុងឈរជើង តាមបណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសលីបង់, ប្រទេសស៊ូដង់ខាងត្បូង ប្រទេសម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
បច្ចុប្បន្ននេះ កម្ពុជាមានកងទ័ពមួកខៀវ ចំនួន៥ កងកម្លាំងធំៗ សរុបជិត ៨០០នាក់ ក្នុងនារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សា សន្តិភាព UN នៅតាមបណ្តាប្រទេសចំនួន៤ ខណៈស្ថានភាពវិបត្តិមេរោគឆ្លង COVID-19 នៅតាមបណ្តាប្រទេសទាំង៤ នោះ៕