(បាត់ដំបង)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា បានប្រគេនកុំព្យូទ័រលើតុ និងយូរដៃ ព្រមទាំងព្រីនធ័រ ដល់ពុទ្ធិកសាកលវិទ្យាល័យសីហនុរាជ សាខាខេត្តបាត់ដំបង ដើម្បីបម្រើដល់ការសិក្សារៀនសូត្រ និងស្រាវជ្រាវ របស់សមណនិស្សិត និងសិស្សនិស្សិតក្រីក្រ កំពុងសិក្សាពុទ្ធិកក្នុងសាកលវិទ្យាល័យ។
សម្ភារកុំព្យូរទ័រ និងសម្ភារបច្ចេកវិទ្យាទាំងនេះ ត្រូវបានប្រគេនដល់មន្ត្រីសង្ឃជាថ្នាក់ដឹកនាំពុទ្ធិសាកលវិទ្យាល័សីហនុរាជសាខា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
លោក ជា ចាន់តូ បានឲ្យដឹងថា ការប្រគេនកុំព្យូទ័រនាពេលនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពុទ្ធិកៈ ដែលមានការខ្វះខាតសម្ភារ ផ្នែកបច្ចេកវិទ្យានេះ សម្រាប់បង្ហាត់បង្រៀន និងការសិក្សាសិស្ស និងសាមណនិស្សិតក្នុងការស្រាវជ្រាវ។
លោកបានបន្តថា ការប្រគន់កុំព្យូទ័រនេះដែរ ក៏ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើវិស័យអប់រំខណៈប្រទេសកម្ពុជាកំពុងត្រូវការជាចាំបាច់ នូវធនធានមនុស្សឲ្យមានសមត្ថភាព ផ្នែកបច្ចេកវិទ្យា និងជំនាញផ្សេងៗ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោក ។
លោកទេសាភិបាលក៏បានស្នើដល់ព្រះសង្ឃ និងគ្រហស្ថជាថ្នាក់ដឹកនាំ នៅក្នុងពុទ្ធិកសាកលវិទ្យាល័យសីហនុរាជ សាខាខេត្តបាត់ដំបង សូមបន្តការខិតខំប្រឹងប្រែង ក្នុងការងារអប់រំនេះឲ្យកាន់តែល្អប្រសើរ និងជំរុញឲ្យការសិក្សារៀនសូត្ររបស់សមណនិស្សិត និងសិស្សនិស្សិតទទួលបានជោគជ័យ។
ព្រះអង្គ វី សុវិជ្ជាព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជខេត្តបាតដំបង បានមានសង្ឃដីការថា សម្ភារបច្ចេកវិទ្យាដែលលោក ជា ចាន់តូ និងភរិយាផ្ដល់ពេលនេះ ពិតជាមានតម្លៃណាស់ សម្រាប់ជួយឧបតម្ថគាំទ្រការសិក្សា របស់សមណនិស្សិត សិស្សនិស្សិតក្រីក្រកំពុងសិក្សានៅក្នុងទីនេះ ហើយកាន់តែធ្វើឲ្យព្រះសង្ឃ និងសិស្សនិស្សិតមានទឹកចិត្តខិតខំរៀនសូត្រខ្លាំងថែមឡើង ព្រោះមានការយកចិត្តទុកដាក់ ពីពុទ្ធបរិស័ទគ្រប់ទិសទី ។
ព្រះអង្គ វី សុវិជ្ជា ក៏បានថ្លែងអំណរគុណដល់លោក ជា ចាន់តូ និងលោកស្រី ដែលបានចូលរួមប្រគេនថវិកា ក្នុងការចាក់គ្រឹះក្រោមអគារសិក្សាមួយខ្នងស្ថិតនៅក្នុងពុទ្ធិកសាកលវិទ្យាល័យ ដែលគ្រោងនឹងសាងសង់នៅថ្ងៃខាងមុខ ហើយព្រះអង្គក៏បានបិណ្ឌបាត ដល់ពុទ្ធបរិស័ទជិតឆ្ងាយផ្សេងទៀត ឲ្យចូលរួមក្នុងការសាងសង់អគារសិក្សានេះផងដែរ ។
សម្ភារបច្ចេកវិទ្យាដែលលោក ជា ចាន់តូ និងលោកស្រីផ្ដល់ដល់ពុទ្ធិកសាកលវិទ្យាល័យនេះ នាឱកាសនោះមានកុំព្យូរទ័រលើតុ២២គ្រឿង លែបថប ៥គ្រឿង ព្រីនធ័រ១គ្រឿង រួមទាំងថវិកា៦លាន៣សែនរៀលទៀត សម្រាប់ទុកឲ្យសាកលវិទ្យាល័យ ប្រើប្រាស់ផងដែរ៕