(កណ្តាល)៖ ប្រជាពលរដ្ឋនៅក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល កំពុងរងទុក្ខដោយសារឈ្មួញទន្ទ្រានរំលោភយកដីធ្លីរបស់ពួកគាត់។ ករណីនេះបានកើតឡើង ជាច្រើនឆ្នាំមកហើយ ខណៈអាជ្ញាធរឃុំស្រុកហាក់មិនមានឆន្ទៈដោះស្រាយជូនប្រជាពលរដ្ឋដោយតម្លាភាព។ នេះបើយោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើនេះ។
ប្រជាពលរដ្ឋបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ករណីឈ្មួញប្រើគ្រឿងចក្រឈូសឆាយជីកកាយលើកទំនប់ទន្រ្ទាន រំលោភយកដីធ្លីពួកគាត់មិនមែនកើតឡើងក្នុងឆ្នាំនេះទេ ហើយក៏មិនមែនមានតែចំពោះពួកគាត់ប៉ុន្មានគ្រួសារនេះទេ គឺនៅមានគ្រួសារជាច្រើនទៀត ដែលកំពុងរងទុក្ខដូចគ្នាដោយសារ ការរំលោភបំពានយកដីធ្លីរបស់ពួកគាត់ពីសំណាក់ឈ្មួញ។
ការលើកឡើងនេះប្រជាពលរដ្ឋបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ខណៈដែលពួកគាត់បានលើកគ្នាទៅហាមឃាត់គ្រឿងចក្ររបស់ឈ្មួញ កំពុងធ្វើសកម្មភាពជីកកាយ លើកទំនប់ហ៊ុព័ទ្ធរំលោភយកដីធ្លីរបស់ពួកគាត់ នៅចំណុច (ទួលលោកយួន) ក្បែរបឹងកន្លែងស្មៅ ក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
ប៉ុន្តែរហូតមកដល់ពេលនេះ គ្រឿងចក្ររបស់ឈ្មួញនៅតែបន្តធ្វើសកម្មភាពជីកកាយលើកទំនប់ដដែល បើទោះបីមានការហាមឃាត់របស់អាជ្ញាធរកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ យ៉ាងណាក៏ដោយ។
ប្រជាពលរដ្ឋបានបន្តទៀតថា នៅពេលដែលពួកគាត់មានរឿងទំនាស់ដីធ្លី ដោយសារឈ្មួញរំលោភយកបែរជាឲ្យពួកគាត់យកឯកសារពាក់ព័ន្ធដីធ្លី ទៅបង្ហាញអាជ្ញាធរដើម្បីដោះស្រាយ។ ប្រជាពលរដ្ឋថា ពួកគាត់មានឯកសារដីធ្លីឯណា បើអាជ្ញាធរមិនធ្វើឲ្យផង បើទោះបីពួកគាត់ស្នើសុំធ្វើលិខិតកាន់កាប់ក៏អាជ្ញាធរពន្យាពេលរហូតទៅដល់ ១០ឆ្នាំឯណោះ។
ប្រជាពលរដ្ឋថា ការសន្យារយៈពេល១០ឆ្នាំនេះ អាជ្ញាធរនិយាយឲ្យរួចតែពីមាត់ ពីព្រោះដីធ្លីរបស់ពួកគាត់បានអាស្រ័យផលតាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្នគឺមានរយៈ២៣ឆ្នាំហើយ តែអាជ្ញាធរនៅតែមិនព្រមធ្វើលិខិតកាន់កាប់ដីធ្លីជូនពួកគាត់ដដែល។
ពាក់ព័ន្ធនឹងករណីនេះ អភិបាលស្រុកមុខកំពូល លោក តុង សៀវម៉ី បានប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ថា អត់មានគ្រឿងចក្រ នៅធ្វើទៀតទេ បិទបញ្ចប់អស់ហើយ ធ្វើតែមួយព្រឹកថ្ងៃសៅរ៍មុន ហើយនេះលោកឲ្យផ្អាកហើយ ពីព្រោះមានការប្តឹងផ្តល់ផ្អាកដើម្បីរង់ចាំដោះស្រាយគ្នាសិន។
លោកបានបញ្ជាក់ទៀតថា លោកបានឃាត់គ្រឿងចក្រយកចេញអស់ហើយ មិនអនុញ្ញាតឲ្យគ្រឿងចក្រធ្វើបន្តទៀតទេ យើងដោះស្រាយរួចហើយ បើថាម្ចាស់ណាត្រឹមត្រូវចាំយើងចាត់ចែងបន្តទៀត។
បើទោះបីអភិបាលស្រុកមុខកំពូល និយាយបែបនេះក្តី រហូតមកដល់ពេលនេះគ្រឿងចក្ររបស់ឈ្មួញនៅតែបន្តធ្វើសកម្មភាពជីកកាយលើកទំនប់ដដែល៕