(ភ្នំពេញ)៖ លោក ជា មុនី ប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា បានព្រលយថា កម្មករ-កម្មការិនី ប្រមាណ៥០-៦០ម៉ឺននាក់ នឹងផ្ទុះការតវ៉ា ប្រសិនបើឃាតកសម្លាប់លោក ជា វិជ្ជា​ កាលពី១២ឆ្នាំមុន នៅតែមិនអាចវែមុខទៀតនោះ។

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្នុងពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នៅលើសួនច្បារមុខវត្តលង្ការ កន្លែងតម្កល់រូបសំណាក លោក ជា វិជ្ជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ លោក ជា មុនី បានថ្លែងថា កម្មករ-កម្មការិនី រាប់ម៉ឺននាក់នៅកម្ពុជា នៅតែចងចាំនូវ គុណូបការៈលោក ជា វិជ្ជា ដែលបានខិតខំប្រឹងប្រែង ក្នុងការទាមទារសិទ្ធិសេរិភាព និងប្រាក់បៀវត្សរ៍ជូនកម្មករ ចាប់តាំងពី ៣៧ដុល្លារនៅឆ្នាំ១៩៩៥ និងឈានឡើងជាបន្តបន្ទាប់រហូតជាង ១៤០ដុល្លារនាពេលបច្ចុប្បន្ននេះ។ លោកបន្តថា កម្មករ-កម្មការិនី នៅតែឈឺចាប់ចំពោះភាព យឺតយ៉ាវក្នុងការវែកមុខឃាតកសម្លាប់លោក ជា វិជ្ជា។

លោក ជា មុនី បានថ្លែងយ៉ាងដូច្នេះ «យើងមានកម្មករ-កម្មការិនី ៥០-៦០ម៉ឺននាក់គាំទ្រយើង។ ហើយកម្មករ-កម្មការិនីទាំងអស់ហ្នឹង គឺស្រឡាញ់លោក ជា វិជ្ជា ណាស់ ដោយសារលោក ជា វិជ្ជា ទើបប្រាក់បៀវត្សរ៍កែពី៣៧ដុល្លារ នៅឆ្នាំ១៩៩៥ មក១៤០ដុល្លារនៅឆ្នាំ២០១៦ ដែលសុទ្ធសឹងជាមរតករបស់លោក ជា វិជ្ជា។ ដូច្នេះបើសិនរដ្ឋាភិបាល គាត់អត់ស្វែងរកឃាតកទេ នោះកំហឹងកម្មករ-កម្មការិនី កំហឹងអាណាព្យាបាល កម្មករ-កម្មការិនី ប្រជាពលរដ្ឋគេនឹងងើបបះបោរតវ៉ា ដើម្បីបញ្ជាក់ថាប្រទេសណា ក៏ដោយមិនអាចមាននីទណ្ឌភាពបែបនេះឡើយ»

លោក ជា វិជ្ជា ត្រូវបានឃាតកមិនស្គាល់មុខ បាញ់ប្រហារដេកដួលស្លាប់ក្នុងថ្លុកឈាម កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ពេលលោកកំពុងអានកាសែត នៅមុខតូបលក់កាសែត ជាប់របងវត្តលង្ការ។ មកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ការបាញ់សម្លាប់លោក ជា វិជ្ជា មានរយៈពេល១២ឆ្នាំហើយ តែឃាតក និងអ្នកពាក់ព័ន្ធក្នុងអំពើឃាតកម្មនេះ មិនទាន់ត្រូវបានវែកមុខនៅឡើយទេ។

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការ អន្តរក្រសួងស៊ើបអង្កេតពិសេស លើឃាតកម្មសម្លាប់លោក ជា វិជ្ជា និងមេសហជីពពីររូបផ្សេងទៀត គឺលោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត។

លោក ជា មុនី បានថ្លែងថា លោកមិនទាន់ទទួលបានលទ្ធផល ឬតម្រុយណាមួយ ពីគណៈកម្មការស៊ើបអង្កេតនៅឡើយទេ៕