(ភ្នំពេញ)៖ តំណាងក្រុមហ៊ុនហ្គាសទាន់សម័យ បានចេញមកបញ្ជាក់ជាមួយ Fresh News នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះថា កន្លែងស្តុកហ្គាស ដែលផ្ទុះឆេះនៅយប់ថ្ងៃទី២១ ខែមករា នៅតាម​បណ្តោយផ្លូវហាណូយ កែងផ្លូវទំនប់កប់ស្រូវ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​ (ក្បែរហ្គ្រេនភ្នំពេញ) មិនមែនជារបស់ខ្លួននោះឡើយ។

តំណាងក្រុមហ៊ុនហ្គាសទាន់សម័យ បានបញ្ជាក់ថា ក្រោយពេលការចេញផ្សាយថា កន្លែងស្តុកហ្គាស ដែលឆេះកាលពីយប់មិញ មានអតិថិជន និងអ្នកចែកចាយរបស់ខ្លួន ជាច្រើនបានទូរស័ព្ទសាកសួរ ក្លាយប៉ះពាល់ដល់ការផ្គត់ផ្គង់ហ្គាស។ «ខ្ញុំសូមបញ្ជាក់ថា កន្លែងឆេះយប់មិញ មិនមែនជារបស់ខ្ញុំទេ ហ្គាសទាន់សម័យអត់មាននៅខាងណុងទេ។ ហ្គាសដែលឆេះពីយប់មិញ ជារបស់ក្រុមហ៊ុន KM»

សូមបញ្ជាក់ថា នៅក្បាលព្រលប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ មានករណីផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ នៅកន្លែងស្តុកហ្គាសនៅក្នុងដីឡូតិ៍ នៅតាម​បណ្តោយផ្លូវហាណូយ កែងផ្លូវទំនប់កប់ស្រូវ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​។ ការឆាបឆេះនេះ ត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ ចេញប្រតិបត្តិការបាញ់ពន្លត់​ ទៅវិញទាំងស្រុង នៅម៉ោងប្រមាណ១០យប់។

ប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យនេះ ប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ២០គ្រឿង និងប្រើទឹកអស់ចំនួន៣៥រថយន្ត៕