(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ បានបំពាក់ម៉ាស៊ីន MRI ទំនើបថ្មីតំលៃ១ ៣៦៩ ៩០០ ដុល្លារ ព្រមទាំងមានបន្ទប់ប្រតិបត្តិការម៉ាស៊ីនស្តង់ដារ វេជ្ជសាស្រ្តសាលក។

ម៉ាស៊ីននេះគឺជាម៉ាស៊ីនស្គែនរូបភាព លើគ្រប់សិរីរាង្គមនុស្សបានយ៉ាងរហ័ស ផ្តល់នូវរូបភាពកាន់តែច្បាស់ល្អ និងលម្អិតជាអតិបរមា ដែលពិធីសម្ពោធដាក់ឲ្យដំណើរការនេះ រៀបចំឡើងក្រោមវត្តមានលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ។

លោកសាស្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានថ្លែងថា ការដាក់សម្ភោធឲ្យប្រលប្រាស់ជាផ្លូវការូវម៉ាស៊ីន (MRI 1.5 Tesla) ទំនើបថ្មីសន្លាងនាព្រឹកនេះ គឺបានមកពីប្រភពព ថវិកាស្វ័យតរបស់មន្ទីរពេទ្យ ដែលសម្រេចបាននូវសមិទ្ធិផលដ៏ធំមួយនេះ និងដោយអាស្រ័យលើការខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់ ប្រកបដោយឆន្ទៈមោះមុត របស់ថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិក មន្ទីរពេទ្យកាល់ម៉ែត ស្របតាមគោលនយោបាយ របស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា កាថែទាំគាំពារ សុខុមាលភាពសង្គមជាភារកិច្ចសំខាន់ដែល យើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ខ្ពស់អភិវឌ្ឍន៍ ឲ្យកាន់តែប្រសើសំដៅថែរក្សាការពារ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ទូទាំងប្រទេស។

តាមរយៈការព្យាយាម និងយកចិត្តទុកដាក់ការងាររបស់ថ្នាក់នាំ មន្ត្រីរាជការ បុគ្គលិកទាំងអស់របស់ មន្ទីរពេទ្យកាល់ម៉ែត ក្រសួងសុខាភិបាលបានឃើញពីការរីកចម្រើន ដោយមន្ទីរពេទ្យបានកសាងមជ្ឈមណ្ឌល ឯកទេសវេជ្ជសាស្ត្រ ជាបន្តបន្ទាប់ស្របតាម ការអភិវឌ្ឍន៍ធនធានមនុស្សគ្រប់កំរិត ជាពិសេសគ្រូពេទ្យឯកទេសគ្រប់ជំនាញ ដើម្បីពិនិត្យព្យាបាលជំងឺអមដោយឧបករណ៍ វេជ្ជសាស្ត្រទំនើប ក្នុងការធ្វើរោគវិនិច្ឆ័យបានជាក់លាក់ច្បាស់ និងទាន់ពេលវេលាប្រកប ដោយសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្ថែមទៀតថា ឆ្លើយតបនឹងការរីកចម្រើននេះ លោកសូមកោតសសើរថ្នាក់ដឹកនាំ មន្ត្រី រាជការ បុគ្គលិកទាំងអស់ របស់មន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំប្រឹងប្រែងកសាង អភិវឌ្ឍន៍ឥតឈប់ឈរលើកកំពស់ វិស័យសុខាភិបាល បានកាន់តែប្រសើរគួរជាទីមោទនៈក្រៃលែង៕