(ក្រិច)៖ ឆ្មាំសមុទ្រក្រិច បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២១នាក់បានស្លាប់ បន្ទាប់ពីទូកដឹក​ជនភៀសខ្លួន​ខុសច្បាប់ បានលិច​នៅក្បែរកោះមួយ ក្នុងប្រទេសក្រិច នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅ​មុននេះបន្ដិច។

ឆ្មាំសមុទ្រ បានបញ្ជាក់ថា ទូកឈើមួយបានដឹកជនភៀសខ្លួនប្រមាណ ៤៨នាក់ បានលិចនៅព្រឹកថ្ងៃសុក្រនេះនៅក្បែរកោះតូចមួយ ឈ្មោះ Farmakonissi ដែលបណ្ដាលឲ្យមនុស្ស ៨នាក់ស្លាប់ ក្នុងនោះមានក្មេងស្រីម្នាក់ ហើយ​សាកសព​ចំនួន ៧ត្រូវបានរកឃើញ។

ចំណែកករណីលិចទូកមួយទៀត បានកើតឡើងនៅក្បែរកោះ Kalolimnos។ បន្ទាប់ពីលិចមានមនុស្ស ២៦នាក់​ត្រូវ​បានជួយសង្គ្រោះ និងសាកសព​ចំនួន ១៤ត្រូវបានរកឃើញ ប៉ុន្តែគេមិនបានដឹងថា អ្នកជិះនៅលើទូកសរុប​មាន​ចំនួន​ប៉ុន្មាននោះទេ៕