(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់មនុស្សធម៌ ដែលបានប្រព្រឹត្តិទៅកាលពីយប់ថ្ងៃសៅរ៍ទី១៦ មករា រវាង​ក្រុម SCG Muangthong United និងក្រុម K-Cement Cambodian All Stars នៅពហុកីឡាដ្ឋានជាតិអូឡាំពិក​ អាចចាត់ទុកថាជា ព្រឹត្តិការណ៍កីឡាបាល់ទាត់​លក្ខណៈអន្ដរជាតិ ដែលទទួលបានជោគជ័យបំផុតមួយ ក្នុង​ឆ្នាំនេះ ។

ប្រជាជនកម្ពុជាបានចូលរួមទស្សនាដោយផ្ទាល់​នៅពហុកីឡាដ្ឋានជាតិ​យ៉ាងច្រើនកុះករ និងស្រែកហ៊ោគាំទ្រ​ក្រុម​ដែលខ្លួនពេញចិត្ត ។ សរុបមនុស្សប្រមាណ ៤ម៉ឺន៥ពាន់៦រយនាក់ មានវត្តមាននៅពហុកីឡាដ្ឋានជាតិ នាវេលាយប់នោះ និងបានទស្សនាការប្រកួតយ៉ាង​ស្វិតស្វាញ ដោយទីបញ្ចប់ក្រុម K-Cement Cambodian All Stars បានធ្វើឲ្យកម្ពុជាមានមោទនភាព ដោយយកឈ្នះលើក្រុមកំពូល​មួយរបស់ថៃ SCG Muangthong United ជាមួយនឹងលទ្ធផល 4-3 ។

បន្ថែមពីនេះទៀត ការប្រកួតនេះ គឺជាការប្រកួតដើម្បីហេតុផលសប្បុរសធម៌ ដែលក្រុមហ៊ុន អេស ស៊ី ជី ដែលជាម្ចាស់ឧបត្ថម្ភធំរបស់ក្រុម SCG Muangthong United និងជាអ្នកផ្តួចផ្តើមរៀប​ចំ​ព្រឹត្តិការណ៍ដ៏ធំ​នេះ បានសន្យាថា នឹងបរិច្ចាកថវិកា ១០០% ដែលទទួលបានពីការលក់សំបុត្រចូលទស្សនា និងវត្ថុអនុស្សាវរីយ៍ទៅដល់មន្ទីរពេទ្យគន្ធបុប្ផានៃប្រទេសកម្ពុជា ។

ថ្ងៃនេះ បើយោងតាមលោក Somwang Manpimonchai នាយកប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុនអេស ស៊ី ជី (ផ្នែកស៊ីម៉ង់-សម្ភារៈសំណង់) យើងទទួលបានការបញ្ជាក់ជាផ្លូវការថា ចំនួនទឹកប្រាក់សរុបដែលប្រមូលបាន ក្នុងព្រឹត្តិការណ៍នេះ គឺ ៣ម៉ឺន៨ពាន់ដុល្លារអាមេរិក ហើយក្រុមហ៊ុននឹងចូលវិភាគទានបន្ថែមនូវថវិកាផ្ទាល់​របស់ក្រុមហ៊ុន ដើម្បី​បង្គ្រប់ឱ្យដល់ ៥ម៉ឺនដុល្លារ សម្រាប់បរិច្ចាកទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ។

លោក Somwang បាននិយាយថា "បន្ទាប់ពីការប្រកួត ការរៀបចំពិធីប្រគល់ពានរង្វាន់ និងកិច្ចការគ្រប់យ៉ាង​បានបញ្ចប់ ក្រុមការងាររបស់យើង បានចាប់ផ្តើមរាប់ និងព្យាយាម​កំណត់នូវចំនួនទឹកប្រាក់​ទាំងអស់ ដែល​ប្រមូលបានពីព្រឹត្តិការណ៍នេះ ហើយឥឡូវនេះ យើងកំណត់ឃើញហើយថា ទឹកប្រាក់នោះ គឺស្មើនឹង ៣ម៉ឺន៨ពាន់ដុល្លារអាមេរិក"

លោកបានបន្ថែមថា "ចំនួននៃប្រាក់នេះគឺ ជាចំនួនទឹកប្រាក់សរុប ដែលទទួលបានមកពីការលក់សំបុត្រ និង​វត្ថុអនុស្សាវរីយ៍ នៅមុនពេល និងអំឡុងពេលការប្រកួត ។ នេះជាចំនួន​ទឹកប្រាក់ ដ៏ច្រើនគួរសមដែរហើយ ប៉ុន្តែយើងគិតថា យើងអាចធ្វើបានលើសពីនេះទៀត សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងប្រទេសកម្ពុជា ដូច្នេះ​យើងបានសម្រេចចិត្តចូល​វិភាគទាន​បន្ថែមនូវថវិកាផ្ទាល់​របស់ក្រុមហ៊ុន ដើម្បី​បង្គ្រប់ឱ្យដល់ ៥ម៉ឺនដុល្លារ "។

គួរកត់សម្គាល់ផងដែរថា កាលពីថ្ងៃទី១៥ មករា ក្នុងកម្មវិធីជប់លៀងមួយដែលបានរៀបចំឡើងដោយ អេស ស៊ី ជី ដើម្បីអបអរសាទរមុនការប្រកួត លោក Roongrote Rangsiyopash ប្រធានអគ្គនាយកក្រុមហ៊ុន អេស ស៊ី ជី បាននិយាយថា៖ "តាមរយៈការប្រកួតបាល់ទាត់មិត្តភាពលក្ខណៈអន្ដរជាតិនេះ យើងចង់បង្ហាញនូវការ​ប្តេជ្ញាចិត្តរបស់ អេស ស៊ី ជី ក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយក្នុងតំបន់អាស៊ាន ថាយើងតែងខិតខំ​ព្យាយាមចូលរួមចំណែកលើកស្ទួយសង្គម នៅគ្រប់ប្រទេសដែលយើងធ្វើអាជីវកម្ម"

ជាមួយនឹងសេចក្តីប្រកាសថ្មីបំផុតនេះ មើលទៅក្រុមហ៊ុន ពិតជាមានចេតនាស្មោះត្រង់ ក្នុងការរក្សាពាក្យ​សន្យា និងការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុង​ប្រទេសកម្ពុជាពិតប្រាកដមែន ។

ពិធីប្រគល់ទឹកប្រាក់មនុស្សធម៌ ចំនួន ៥ម៉ឺនដុល្លារ ទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានឲ្យដឹងថានឹងធ្វើឡើង​ នាពេលឆាប់ៗខាងមុខនេះ ដោយក្រុមហ៊ុន កំពុងដំណើរការឯកសារចាំបាច់ និងសហការជាមួយមន្ទីរ​ពេទ្យ ដើម្បីរៀបចំកម្មវិធីឲ្យបានអធិកអធម ៕