(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឲ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា យកនូវថវិកាមួយចំនួនឧបត្ថម្ភជូនដល់កីឡាករ ឡៅ ស៊ីណាត ដែលទទួលរងគ្រោះដោយបាក់ឆ្អឹងជើងឆ្វេង ក្នុងការប្រកួតប្រដាល់សេរី ជាមួយកីឡាករជនជាតិថៃ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ ហើយបច្ចុប្បន្ននេះកីឡាករ ឡៅ ស៊ីណាត កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ការជួយឧបត្ថម្ភថវិកានេះ គឺជាទឹកចិត្តប្រកបដោយការគិតគូររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ពិសេសគឺបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋយើងដោយមិនរើសអើងពីជាតិសាសន៍ ឬនិន្នាការនយោបាយណាមួយឡើយ។

សូមបញ្ជាក់ថា បងស្រីបង្កើតរបស់កីឡាករ ឡៅ ស៊ីណាត មកទទួលយកថវិកា ដែលជាអំណោយឧបត្ថម្ភ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ៕