(កែប)៖ លោកយាយ ម៉ក់ ស៊ូន អាយុ ៧៤ឆ្នាំ ត្រូវបានកូនស្រីបង្កើតឈ្មោះ អ៊ុក ពុទ្ធី អាយុ ៥០ បណ្តេញចេញពីផ្ទះ ហើយហាមឃាត់មិនអោយចូលក្នុងបរិវេណដីទំហំ ១៥,៣២៦ ម៉ែត្រការ៉េ ដែលជាកម្មសិទ្ធិរបស់លោកយាយ ដែលជម្លោះនេះកើតមានចាប់តាំងពីឆ្នាំ២០១១ មកម្ល៉េះ។ ដីវិវាទនេះមានទីតាំងស្ថិតនៅភូមិ ថ្មី សង្កាត់ព្រៃធំ ក្រុង កែប ខេត្ត កែប ដែលលោកយាយបានកាន់កាប់ និងមានប័ណ្ណកាន់កាប់ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៩០។
បន្ទាប់ពីបណ្តេញម្តាយចេញពីផ្ទះហើយនោះ កូនស្រី ឈ្មោះ អ៊ុក ពុទ្ធី ដែលជាគ្រូបង្រៀន និងប្តីដែលជាគ្រូបង្រៀនដែរនោះ បានកាន់កាប់ដីទាំងបំពានគ្មានលិខិតស្នាម និងការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានឡើយ រហូតមកដល់ពេលនេះ។
លោកយាយ ម៉ក់ ស៊ូន បានតស៊ូព្យាយាមដោះស្រាយវិវាទដីខាងលើជាមួយកូនស្រីអស់រយៈពេលជាង៩ឆ្នាំមកហើយ តែមិនទទួលបានលទ្ធផលអ្វីផ្ទុយទៅវិញកូនស្រីនិងកូនប្រសារនោះ បានដេញកាប់ព្រមទាំងបាញ់នឹងជំពាមកៅស៊ូ មកលើលោកយាយមិនអោយចូលទៅក្នុងដីគាត់ទៀតផង នេះបើតាមលោកយាយបានបញ្ជាក់ក្នុងលិខិត ស្នើសុំមកសម្តេចតេជោ។ ទោះជានៅក្នុងដីនោះមានផ្នូរម្តាយគាត់ ក៏កូនស្រីមិនអោយម្តាយចូលទៅធ្វើបុណ្យ ក្នុងទីតាំងដីនោះដាច់ខាត។
ដោយអត់ទ្រាំនឹងការឈឺចាប់លែងបាន នៅថ្ងៃទី ១៤ កក្កដា ២០២០ លោកយាយ ម៉ក់ ស៊ូន ក៏បានសម្រេចចិត្តដាក់ពាក្យគោរពស្នើសុំសម្តេចតេជោ មេត្តាជួយរកយុត្តិធម៌ដល់រូបគាត់។ ព្រោះការដោះស្រាយកន្លងមក គឺពុំទទួលបានលទ្ធផល។
នៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២០ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងក្រុមការងារបានចុះទៅពិនិត្យទីតាំងកើតហេតុ និងបានសិក្សាលើឯកសារភស្តុតាងមួយចំនួន ព្រមទាំងស្តាប់ការបំភ្លឺរបស់អាជ្ញាធរមូលដ្ឋាន ដែលបានបញ្ជាក់ច្បាស់ថា កូនស្រីរបស់គាត់កាន់កាប់ទីតាំងដីខាងលើដោយគ្មានប័ណ្ណកម្មសិទ្ធិឡើយ។
លោក ដួង តារា បានព្យាយាមសម្របសម្រួលផ្សះផ្សារវាងម្តាយនិងកូន ដោយមានការចូលរួមពីអភិបាលក្រុងកែប និងប្រធានភូមិបាលក្រុង ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ ដោយក្នុងនោះលោកយាយ ម៉ក់ ស៊ូន បានយល់ព្រមប្រគល់ដីជាង១ហិកតាអោយទៅកូនស្រី រីឯខ្លួនគាត់សុំតែកន្លះហិកតាតែប៉ុណ្ណោះ គ្រាន់បានលក់ដូវដោះស្រាយការរស់នៅសម្រាប់ជីវិតចុងក្រោយ តែកូនស្រីរូបនោះមិនព្រមឡើយ។
ការសម្របសម្រួលថ្ងៃនោះមិនទទួលយកដោយកូនស្រីជាគ្រួបង្រៀន ដោយគាត់លើកហេតុផលថា ខ្លួនគាត់មានកូនច្រើន គឺត្រូវទទួលបានចំណែកដីច្រើន។ ប៉ុន្តែ លោក ដួង តារា បានបញ្ជាក់ថា បើវិធីសម្របសម្រួលផ្សះផ្សាមិនអាចត្រូវគា្នទេ គឺមានតែធ្វើតាមច្បាប់ដើម្បីរកខុសត្រូវ ហើយដែលត្រូវចំណាយធនធាន និងពេលវេលាយ៉ាងយូរថែមទៀត ហើយមិនប្រាកដថាភាគីម្ខាងឈ្នះតែម្នាក់ឯងឡើយ។
លោក ដួង តារា បានអោយភាគីកូនស្រីទៅគិតពិចារណា ព្រោះលោកយាយក៏ជាម្តាយបង្កើតរបស់ខ្លួនដែរ ហើយការលើសលោះបន្តិចបន្តួចចាត់ទុកថាធ្វើបុណ្យជូនម្តាយទៅចុះ។ ប៉ុន្តែការសម្របសម្រួលកនេះ គឺភាគីកូនទទួលបាន២ភាគបីដែលល្មមអាចទទួលបានហើយ។ បន្ទាប់មកនៅថ្ងៃទី ១៩ កក្កដា កូនស្រីជាគ្រូបង្រៀនបានប្រាប់ថាគាត់យល់ព្រមហើយ។
នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក ដួង តារា ជំនួយការសម្តេចតេជោ និងជាអនុរដ្ឋលេខាធិកាទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញចុះទៅសម្របសម្រួលចុងក្រោយដើម្បីបញ្ចប់វិវាទទាំងស្រុង។ ជាលទ្ធផល គឺកូនស្រីជាគ្រូបង្រៀន បានយល់ព្រមប្រគល់ដីអោយម្តាយចំនួន៥,០០០ម៉ែត្រការ៉េ (កន្លះហិកតា) ហើយបានផ្តិតមេដៃលើកិច្ចព្រមព្រៀងបញ្ចប់វិវាទចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ដោយមានវត្តមានអភិបាលរងក្រុងកែប ប្រធានភូមិបាលក្រុង និងអាជ្ញាធរមូលដ្ឋានចូលរួមជាសាក្សីដឹងឮផងដែរ។
ក្រោយពីផ្តិតមេដៃភ្លាម គូភាគីទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋាននិងមន្រ្តីជំនាញសុរិយោដីបានចុះទៅទីតាំងដីវិវាទ ហើយបានវាស់វែងបែងចែកដីអោយទៅលោកយាយ ម៉ក់ ស៊ូន និងកូនស្រី ទៅតាមការព្រមព្រៀងគ្នា ដើម្បីរៀបចំចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់។
លោកយាយ ម៉ក់ ស៊ូន មានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំង ហើយលោកយាយបានសំពះគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ក្តីសណ្តោសប្រណីដល់រូបគាត់ នៅនាទីចុងក្រោយនៃជីវិតរស់នៅ។
លោក ដួង តារា ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានគាំទ្រនឹងផ្តល់ឱកាសអោយរូបលោក និងក្រុមការងារបានចុះជួយសម្របសម្រួលវិវាទនានា តាមគោលការណ៍ឈ្នះឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច។
លោកបានថ្លែងបន្តថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ ព្រោះថា សេចក្តីសុខរបស់ពលរដ្ឋ គឺជាសេចក្តីសុខរបស់សម្តេចទាំងទ្វេ។
ទន្ទឹមនឹងនោះដែរ លោក ដួង តារា ក៏បានថ្លែងអំណរគុណដល់លោកអភិបាលខេត្តកែប លោកស្រី អភិបាលក្រុងកែប ប្រធានសុរិយាដីក្រុងកែប និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលតែងតែសហការល្អ ក្នុងការអនុវត្តគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ អោយទទួលបានជោគជ័យទាំងអស់គ្នា។
លោកក៏បានអំពាវនាវអោយមន្រ្តីទាំងអស់រួមគ្នាកសាងអំពើល្អ និងចែករំលែកសេចក្តីស្រលាញ់ដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដោយគ្មានការរើសអើង។ ទន្ទឹមនឹងនោះដែរ លោក ដួង តារា ក៏បានអរគុណ មេធាវីស្ម័គ្រចិត្ត និងមេធាវីសម្តេចតេជោ ដែលតែងតែចូលរួមជួយដោះស្រាយទទួលបានលទ្ធវិជ្ជមាន ល្អមកទល់សព្វថ្ងៃនេះដោយមិនគិតពីពេលវេលាឬផលកម្រៃអ្វីឡើយ៕