(តាកែវ)៖ ថ្លែងចេញពីវាលស្រែនៃស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាខេត្តជាប់លេខ៣ លើដំណាំស្រូវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅក្នុងខែកក្កដា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានរកឃើញគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ កើនឡើងដល់៦១ម៉ឺនគ្រួសារ ហើយការឧបត្ថម្ភប្រាប់ជំនួយសង្គមកើនឡើងដល់២៨លានដុល្លារផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា បើទោះបីរកឃើញជាបន្តបន្ទាប់នូវគ្រួសារក្រីក្រ និងងាយរងគ្រោះក្តី ក៏រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បញ្ឈប់ដែរ គឺនៅតែបន្តរុករកថែមទៀត ដើម្បីផ្តល់ជំនួយសង្គម និងមិនឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយរាជរដ្ឋាភិបាលមិនបានដឹងនោះទេ។
ថ្លែងក្នុងឱកាសចុះពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយកសិករ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី២១ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ម្សិលមិញនេះរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានប្រកាសថា នៅក្នុងខែកក្កដានេះយើងកើនពី៥៦ម៉ឺនគ្រួសារជាង [គ្រួសារក្រីក្រ និងងាយរងគ្រោះ] ដែលចំណាយជាង២៤លានដុល្លារ ទៅដល់៦១ម៉ឺនគ្រួសារ នឹងត្រូវចំណាយ២៨លានដុល្លារសម្រាប់ខែកក្កដានេះ ព្រោះយើងស្វែងរកឃើញគ្រួសារក្រីក្រថ្មីប្រមាណជាង៥ម៉ឺនគ្រួសារបន្ថែមទៀត ហើយនឹងបន្តរុករក។ បើកូវីដមិនទាន់ថមថយទេ យើងត្រូវនៅបន្តកម្មវិធីជំនួយសង្គម ប៉ុន្តែមិនមែនបានសេចក្តីថា រដ្ឋចិញ្ចឹមរហូតទេ ហើយនេះក៏មិនមែនរដ្ឋចិញ្ចឹមទាំងស្រុងដែរ គឺជាការប៉ះប៉ូវ»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅតែបញ្ជាក់ថា ការផ្តល់ជំនួយសង្គមដល់គ្រួសារក្រីក្រ និងងាយរងគ្រោះនេះ មិនមែនធ្វើរហូតនោះទេ គឺនឹងបញ្ចប់នៅពេលជំងឺកូវីត១៩ ថមថយចុះ ហើយការផ្តល់ប្រាក់ឧបត្ថម្ភនេះ គឺក៏មិនមែនការចេញមុខចិញ្ចឹមទាំងស្រុងនោះដែរ តែគឺជាការប៉ះប៉ូវនូវអ្វីដែលខ្វះខាត និងរងផលប៉ះពាល់ប៉ុណ្ណោះ។
សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានប្រកាស អនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ដោយបញ្ជូនសាច់ប្រាក់រួចរាល់ហើយចំនួន១២៥លានដុល្លារអាមេរិក ទៅកាន់គោលដៅនានា សម្រាប់រយៈពេល៥ខែ ដើម្បីជួយដល់ប្រជាពលរដ្ឋ។
ការឧបត្ថម្ភនេះមានរយៈពេលពីរខែសម្រាប់ជុំទីមួយនេះ គឺខែមិថុនា និងខែកក្កដា។ ក៏ប៉ុន្តែបើជំងឺកូវីដ១៩ មិនរលត់រលាយទៅវិញទេនោះ រាជរដ្ឋាភិបាលនឹងបន្តឧបត្ថម្ភសាច់ប្រាក់ប្រាក់នៅខែបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានបណ្ណសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។
ការឧបត្ថម្ភសាច់ប្រាក់នេះ កំណត់ដូចខាងក្រោម៖
*ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។
* «សម្រាប់បណ្ណ ក្រ-២»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។
*ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល)សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។
* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។
*ទី៣៖ តំបន់ជនបទ
* «សម្រាប់បណ្ណ ក្រ១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍។
* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍៕