(តាកែវ)៖ ថ្លែងចេញពីទឹកដីនៃខេត្តតាកែវ ទីដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជួបសំណេះសំណាលជាមួយកសិករ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចបានអះអាងថា ជំងឺកូវីដ-១៩ អាចបំផ្លាញកម្ពុជាបានត្រឹមកម្រិតណាមួយប៉ុណ្ណោះ ប៉ុន្ដែមិនអាចសម្លាប់កម្ពុជាបាននោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បង្ហាញអំពីហេតុផលថា ហេតុអ្វីបានសម្ដេចហ៊ានធានាថា កូវីដ-១៩ មិនអាចសម្លាប់កម្ពុជា ព្រោះធ្វើយ៉ាងមិចកុំឲ្យប្រជាពលរដ្ឋខ្មែរខ្វះអង្ករ ទើបវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ មិនមែនគ្រាន់តែជាសក្ដានុពល តែក៏ជាឱកាសព្រមគ្នាតែម្ដង។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «កូវីដអាចបំផ្លាញយើងក្នុងកម្រិតណាមួយ តែមិនអាចសម្លាប់យើងបានទេ មូលហេតុអីបានខ្ញុំធានាថា មិនអាចសម្លាប់យើងបាន ធ្វើយ៉ាងមិចកុំឲ្យខ្មែរខ្វះអង្ករ ខ្វះអង្ករច្រកឆ្នាំង ចឹងបានជាវិស័យកសិកម្មឥលូវនេះ មិនមែនគ្រាន់តែជាសក្ដានុពល តែវាក៏ជាឱកាសព្រមគ្នា»។
បើតាមការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅលើពិភពលោកពេលកំពុងជួបជំងឺកូវីដ-១៩នេះ គេអាចកាត់បន្ថយការជិះយន្ដហោះ គេអាចផ្អាកដើរលេង គេអាចផ្អាកទិញសម្លៀកបំពាក់ គេអាចផ្អាកទិញឡាន ម៉ូតូ ប៉ុន្តែគេមិនអាចផ្អាកអាហារសម្រាប់ច្រកក្រពះបានទេ នេះជាឱកាសសម្រាប់វិស័យកសិកម្ម។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យយកឱកាសកូវីដ-១៩ ពង្រីកទីផ្សារកសិកម្ម ដោយមិនមែនត្រឹមតែអង្ករនោះទេ មានម្សៅមី និងស្បៀងផ្សេងៗទៀត។ ដោយឡែក កម្មករដែលបាត់បង់ការងារធ្វើដោយការបិទរោងចក្រ ឬបិទសណ្ឋាគារ ត្រូវវិលត្រឡប់មកចូលរួមជំរុញការងារកសិកម្ម ជាមួយគ្រួសារ។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៩៧នាក់ (ស្ត្រី៤៣នាក់ និងបុរស១៥៤នាក់)។
ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន១៤០នាក់ (ស្រី៣៩នាក់ និងបុរស១០១នាក់) ខណៈអ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៥៥នាក់៖ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០៧នាក់ (ស្ត្រី ០១នាក់ និងបុរស ០៦ នាក់), នៅមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ សរុបចំនួន៤៨នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ ជាស្ត្រីជន ជាតិអាមេរិកកាំង០២នាក់។
គ្រាដែលកម្ពុជាកំពុងប្រឈមជាមួយនឹងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក៏បានរិះរកនូវមធ្យោបាយផ្សេងៗ ជាបន្ដបន្ទាប់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់ ដោយសារជំងឺនេះ មិនថាតែនៅលើវិស័យទេសចរណ៍, ឧស្សាហកម្ម ឬប្រជាពលរដ្ឋក្រីក្រនោះទេ៕
\