(ភ្នំពេញ)៖ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី នឹងមានមណ្ឌលផ្សារទំនើបរបស់ ជីប ម៉ុង រីថែល ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន ដែលរស់នៅក្នុងគម្រោងនេះ និងប្រជាពលរដ្ឋដែលរស់ក្នុងតំបន់សែនសុខ។
ក្រុមហ៊ុន ជីប ម៉ុង មានយុទ្ធសាស្រ្តធ្វើឲ្យពាណិជ្ជកម្មប្រទាក់ក្រឡាគ្នាពីមួយទៅមួយ ជាក់ស្ដែងទីណាមានក្រុមហ៊ុន ជីប ម៉ុង លែន ទីនោះនឹងមានផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីផ្ដល់ភាពជឿជាក់ និងភាពទាន់សម័យក្នុងការរស់នៅសម្រាប់មនុស្សសម័យថ្មី។ នៅថ្ងៃខាងមុខ នឹងមានពាណិជ្ជកម្មផ្សេងៗជាច្រើនទៀតក្នុងគម្រោងដ៏ធំនេះផងដែរ។
តំណាងក្រុមហ៊ុន ជីប ម៉ុង រីថែល បានមើលឃើញថា នេះជាឱកាសក្នុងការពន្លឿនការធ្វើទំនើបកម្មវិស័យលក់រាយ និងដើម្បីបំពេញតម្រូវការអតិថិជនដែលត្រូវការទិញទំនិញបែបសម័យថ្មីក្នុងតំបន់នេះ។
រហូតមកដល់បច្ចុប្បន្ន ជីប ម៉ុង រីថែល កំពុងអភិវឌ្ឍមណ្ឌលផ្សារទំនើប ជីប ម៉ុង ៥៩៨ នៅគម្រោង ផាក លែន ៥៩៨, មណ្ឌលផ្សារទំនើប ជីប ម៉ុង សែនសុខ នៅគម្រោង ផាក លែន សែនសុខ, និងមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នៅគម្រោង លែនម៉ាក ២៧១ ជាដើម។
ហ្រ្គេនភ្នំពេញស៊ីធី ជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះ ស្តង់ដារអន្តរជាតិធំជាងគេបំផុតនៅតំបន់សែនសុខ ហើយគម្រោងនេះមានលក្ខណៈពិសេស ដោយរចនាឡើងសម្រាប់ការរស់នៅ និងពាណិជ្ជកម្ម ដោយមានឧទ្យាន Central Park ដ៏ធំជាងគេ អគាររាជរដ្ឋាភិបាល មណ្ឌលពាណិជ្ជកម្មចម្រុះ និងគម្រោងនាពេលអនាគតដ៏ច្រើនទៀត៕